Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជនសង្ស័យក្នុងករណីប៉ុនប៉ងលួចម្នាក់ទៀត មានវាសនាបានត្រឡប់ទៅផ្ទះវិញ ក្រោយតំណាងអយ្យការបញ្ចប់ការសាកសួរ

24-07-2018 17:19

(ភ្នំពេញ)៖ លោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃអាទិត្យទី២២ ខែកក្កដា ឆ្នាំ២០១៨ បានសម្រេចដោះលែងចោរលួចម្នាក់ ក្រោយសមត្ថកិច្ចខណ្ឌឬស្សីកែវ ខំចាប់បានហើយបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។ នេះបើតាមប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យជាចោរលួច ដែលជាមុខសញ្ញាជូញដូរ និងប្រើប្រាស់គ្រឿងញៀនផងនោះមានឈ្មោះថា ថន រិទ្ធី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មករសិប្បកម្មផលិតទឹកសុទ្ធ ស្នាក់នៅភូមិទួលគោក សងា្កត់ទួលសងែ្ក១ ខណ្ឌឬស្សីកែវ។

គួររំលឹកថា កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានឃាត់ខ្លួនជនសង្ស័យជាចោរលួចខាងលើ កាលពីវេលាម៉ោង១៖៣០នាទីពាក់កណ្តាលអធ្រាត្រ ថ្ងៃទី១៩ ខៃកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះ៣៤០ ក្រុម៥ ផ្លូវ៥១៨ ភូមិទួលគោក សងា្កត់ទួលសងែ្ក១ ខណ្ឌឬស្សីកែវ ខណៈដែលជនសង្ស័យកំពុងតែប៉ុនប៉ង ចូលលួចទ្រព្យសម្បត្តិនៅក្នុងបន្ទប់ជួលរបស់ជនរងគ្រោះឈ្មោះ មុំរ៉ានី ភេទស្រី អាយុ២៤ឆ្នាំ ហើយត្រូវជនរងគ្រោះ និងអ្នកជិតខាងស្រែកឆោរឡោ ដេញចាប់បានរួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់៕