(ភ្នំពេញ)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិលនៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ ធ្វើពិធីបង្ហាញពីការចូលរួមរបស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ដែលនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨សប្តាហ៍នេះ។

ពិធីនេះរៀបចំនៅមជ្ឈមណ្ឌលកោះពេជ្រ ដោយមានការធ្វើបទបង្ហាញពីការចូលរួមសង្កេតការណ៍ពីសំណាក់លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងជាប្រធានគណៈកម្មការសម្របសម្រួលការងារអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦។

ពិធីនេះក៏នឹងបើកឲ្យមានការចោទសួរសំណួរផ្សេងៗពីក្រុមអ្នកព័ត៌មានផងដែរ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា គិតមកដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ​ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានទទួលស្គាល់អ្នកសង្កេតការណ៍ជាតិជិត ៨ម៉ឺននាក់ និងអ្នកសង្កេតការណ៍អន្ដរជាតិជាង ២០០នាក់ហើយ។

លោក ឌឹម សុវណ្ណារុំ បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ​ថា «រហូតមកដល់ម៉ោងនេះ អ្នកសង្កេតការណ៍ជាតិ ដែល គ.ជ.ប បានទទួលស្គាល់ជាផ្លូវការមានចំនួន ៧,៩៦១២​នាក់ ពួកគាត់មកពីសមាគម និងអង្គការចំនួន១១២។ អ្នកសង្កេតការណ៍អន្តរជាតិ ដែល គ.ជ.ប បានទទួលស្គាល់ជាផ្លូវការមានចំនួន ២១៣នាក់»។​

បើតាមលោក ឌឹម សុវណ្ណារុំ អ្នកសង្កេតការណ៍អន្ដរជាតិ ​មកពីប្រទេសស្ថាប័ន និងស្ថានទូតចំនួន៤៨ ក្នុងនោះរួមមាន៖ AIPA, APA, ICAPP, CDI, EUROPEAN COUNCIL TOURISM AND TRADE, EUROPEAN COUNCIL ON INTERNATIONAL RELATIONS ។ល។

អ្នកនាំពាក្យរូបនេះ ក៏បានឲ្យដឹងដែរថា គ.ជ.ប ក៏កំពុងពិនិត្យអ្នកសង្កេតការណ៍អន្តរជាតិចំនួន ៩៣នាក់ទៀត មកពីស្ថាប័នចំនួន១០ ដែលរួមមានជាអាទិ៍ CAPDI, CENTRIST DEMOCRAT INTERNATIONAL, RUSSIA CIVIC CHAMBER, ICAPP។​ លោក ឌឹម សុវណ្ណារុំ បញ្ជាក់ថា ការទទួលចុះឈ្មោះអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ នឹងត្រូវបញ្ចប់នៅវេលាម៉ោង ០៥៖៣០នាទីល្ងាចថ្ងៃទី​​​២៥ ខែកក្កដា ឆ្នាំ២០១៨ស្អែកនេះ។

សូមជម្រាបថា ក្រៅពីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិនេះ គ.ជ.ប ក៏បានបង្ហាញឲ្យដឹងថា មានទីភ្នាក់ងារសង្កេតការណ៍មកពីគណបក្សនយោបាយទាំង២០ ជិត​ ៨ម៉ឺននាក់បន្ថែមទៀត ក៏នឹងចូលរួមសង្កេតលើដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា សប្តាហ៍នេះផងដែរ។

តាមរយៈចំនួនអ្នកសង្កេតការណ៍ដ៏ច្រើននេះ ជាការបង្ហាញឲ្យឃើញពីតម្លាភាព និងធានាបាននូវភាពត្រឹមត្រូវ យុត្តិធម៌ នៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦នេះ៕