(កំពង់ឆ្នាំង)៖ យ៉ាងហោចណាស់មានស្ត្រីម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសាររថយន្តស្ទូចបុក។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១០៖៤៥នាទីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅកំណាត់ផ្លូវជាតិលេខ៥ នៅចំណុចក្លោងទ្វារវត្តធម្មវ័ន្ត ចន្លោះគីឡូម៉ែត្រលេខ៩៣ និង៩៤ ស្ថិតនៅក្នុងភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះនៅក្នុងឧប្បត្តិហេតុនេះ ឈ្មោះ ឈួន ចន្ធី ភេទស្រី អាយុ២៧ឆ្នាំ បានស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតឈ្មោះ ឈួន សំអាត ភេទស្រី អាយុ៣៩ឆ្នាំ រងរបួសធ្ងន់។ ស្ត្រីរងគ្រោះទាំងពីរនាក់រស់នៅក្នុងភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
បើតាមនគរបាលមូលដ្ឋានបានឲ្យដឹងបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ជិះម៉ូតូកូនទា ពាក់ស្លាកលេខ កំពង់ឆ្នាំង ១H-៥៦៦៨ ធ្វើដំណើរពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តស្ទូចមួយគ្រឿងម៉ាកអីហ្ស៊ុយស៊ុយ ពាក់ស្លាកលេខភ្នំពេញ ៣A-៣២៣០ បើកបរដោយឈ្មោះ សុន មុន្នី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិភ្នៅលិច ឃុំព្រែកចា ស្រុកជើងព្រៃ ខេត្តកំពង់ចាម ធ្វើដំណើរបញ្ច្រាសទិសគ្នា បើកបរក្នុងល្បឿនយ៉ាងលឿន ហើយបានបុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលឲ្យនារីរងគ្រោះម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងស្រ្តីម្នាក់ទៀតរងរបួសបាក់ជើងម្ខាងខាងស្តាំ ហើយត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុ អ្នកបើកបរថយន្តបានបើករត់គេច តែត្រូវសមត្ថកិច្ចតាមទាន់ ចាប់បានទាំងរថយន្ត និងអ្នកបើកបរតែម្ដង។ មធ្យោបាយបង្ករទាំងពីរ ត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕