(កំពង់ធំ)៖ លោក សោម ស៊ុន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ អនុប្រធានទី១ ក្រុមការងារចុះជួយស្រុកស្ទោង និងជាប្រធានក្រុមការងារខេត្តចុះជួយឃុំបន្ទាយស្ទោង ស្រុកស្ទោង បានបន្តចុះណែនាំសមាជិកបក្សឲ្យត្រៀមឯកសារសម្រាប់បម្រើដល់ការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។
លោកបានថ្លែងយ៉ាងដូច្នេះ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកស្ទោង។ លោក សោម ស៊ុន ក៏បានថ្លែងអរគុណដល់សមាជិក សមាជិកា ទាំងអស់ដែលអាណត្តិ នៃការបោះឆ្នោតកន្លងមក បានបន្តបោះឆ្នោតគាំទ្រដល់ គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសជាតិ ប្រកបដោយសុខសន្តិភាព បង្រួបបង្រួមជាតិ នឹងការអភិវឌ្ឍ។
លោកបានបញ្ជាក់ថា សភាពការណ៍ក្នុងដំណើរការបោះឆ្នោតសកលឆ្នាំ២០១៨ ជ្រើសតាំងតំណាងរាស្រ្ត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ លោកបានស្នើឲ្យ សមាជិក សមាជិកា ត្រូវប្រុងប្រយ័ត្ននូវរាល់ការឃោសនាបំភ្លៃរបស់ក្រុមជ្រុលនិយម ដែលប៉ុនប៉ងបំផ្លាញការបោះឆ្នោត ក្នុងនោះមានការរារាំងប្រជាពលរដ្ឋមិន ឲ្យទៅបោះឆ្នោតបំភ្លៃកាលបរិច្ឆេទបោះឆ្នោត ដែលរៀបចំដោយ គ.ជ.ប បំភ្លៃពីគុណភាព ទឹកខ្មៅជ្រលក់ចង្អុលដៃ ដែលចិត្តសាស្រ្តទាំងអស់នេះ មានបំណងធ្វើឲ្យការបោះឆ្នោតមិនឲ្យដំណើរការទៅបាន។
ជាមួយគ្នានេះដែរ លោកក៏បានស្នើឲ្យសមាជិក សមាជិកា ទាំងអស់ត្រូវត្រៀមរាល់ឯកសារដែលប្រើប្រាស់ក្នុងការបោះឆ្នោត ទៅបោះឆ្នោតឲ្យទាន់ពេលវេលា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ និងណែនាំពីរបៀបគូសឲ្យចំសញ្ញារបស់គណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី២០ ក្នុងសន្លឹកឆ្នោតដែលមានរូបទេវតាបាចផ្កាជាសម្គាល់៕