(ត្បូងឃ្មុំ)៖ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកជំនន់បានធ្វើឲ្យផ្តាច់ផ្លូវលំមួយចំនួន នៅមូលដ្ឋានស្រុកត្បូងឃ្មុំ ដែលនាំឲ្យពិបាកធ្វើដំណើរ និងដឹកសន្លឹកឆ្នោតទៅកាន់ការិយាល័យបោះឆ្នោត។

លោកឧត្តមសេនីយ៍ស្នងការ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា «នៅរសៀលថ្ងៃនេះ ខ្ញុំបានចុះមកពិនិត្យស្ថានភាពទឹកជំនន់ នៅភូមិបត់ស្លាស្នាប ឃុំពាមជីលាំង។

ទឹកជំនន់បានកាត់ផ្តាច់ផ្លូវធ្វើដំណើរមានប្រវែង១៨០០ម៉ែត្រ និងជំរៅ១ម៉ែត្រ៥០។ ផ្លូវនេះទៅកាន់ភូមិ៥របស់ឃុំពាមជីលាំងគឺ ភូមិតាប៉ាង ភូមិឈើទាលតូច ភូមិឈើទាលទី១ ភូមិឈើទាលទី២ និងភូមិ៥ដំឡឹង»។

បើតាមលោកស្នងការ ដោយសារទឹកជំនន់នេះ នាំឲ្យកើតមានបញ្ហាមួយចំនួនរួមមាន៖

*ការធ្វើដំណើរសម្រាប់ថ្លៃទូកដរ មនុស្សម្នាក់ និងម៉ូតូ១ តម្លៃ៤០០០រៀល និងសិស្សម្នាក់១០០០រៀល
*ការដឹកសន្លឹកឆ្នោតនឹងជួបបញ្ហា
*កំពស់ទឹកនឹងបន្តឡើង៤តឹកទៀតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។

យ៉ាងណាក៏ដោយនៅពេលនេះ ទាំងអាជ្ញាធរ និងសមត្ថកិច្ច បាននិងកំពុងស្វែងរកវិធានការ ដើម្បីជួយដោះស្រាយបញ្ហានេះហើយ។ នេះជាការបញ្ជាក់បន្ថែមពីលោកស្នងការ៕