(កណ្តាល)៖ សកម្មជន និងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ (CNRP) នៅស្រុកកោះធំជាច្រើនរូប បានសម្រេចចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់។ ការសម្រេចចិត្តរបស់ពួកគេបន្ទាប់ពីបានមើលឃើញថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំប្រទេស ជាពិសេសនាំមកនូវសមិទ្ធផលជាច្រើនសម្រាប់ជាតិ និងប្រជាជន។
ស្រុកកោះធំតាមរយៈក្រុមការងារថ្នាក់ជាតិដឹកនាំដោយលោក ស៊ុន ចាន់ថុល បានរួមចំណែកផ្តល់សមិទ្ធផលជាច្រើនសម្រាប់ជាប្រយោជន៍ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដូចជាការកសាងផ្លូវបេតុង កសាងសាលារៀន និងទីអារាមជាដើម។ តាមរយៈសមិទ្ធផលទាំងនេះ បានជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងស្រុកកោះធំកាន់តែប្រសើរ។ តាមរយៈការដឹកនាំប្រកបដោយភាពប្រាកដនិយមក្នុងការអភិវឌ្ឍជាតិ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋនេះហើយ ជាហេតុនាំឲ្យសកម្មជន និងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិបានមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់។
លោកគ្រូ ម៉ាន ឃី ជាគ្រូបង្រៀននៅវិទ្យាល័យ «ហ៊ុនសែនកោះធំ» ក៏ជាសកម្មជនគណបក្សសង្គ្រោះជាតិដ៏សកម្មមួយរូបនៅក្នុងស្រុកកោះធំ។ លោកគ្រូ ម៉ាន ឃី បានលះបង់កម្លាំងកាយ និងធនធានផ្ទាល់ខ្លួនខ្លះផង ដើម្បីជួយដល់គណបក្សសង្គ្រោះជាតិ។ លោកគ្រូ ម៉ាន ឃី បានធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងស្រុកកោះធំ ដើម្បីអូសទាញប្រជាពលរដ្ឋឲ្យមានជំនឿលើគណបក្សសង្គ្រោះជាតិ។
លោក ម៉ាន ឃី បានពន្យល់ពីមូលហេតុដែលនាំឲ្យលោកដើរតាមជួយអតីតគណបក្សសង្គ្រោះជាតិយ៉ាងដូច្នេះថា «កាលមុនខ្ញុំបានចូលរួមជាមួយគណបក្សសង្គ្រោះជាតិ។ កាលណោះយើងគិតមិនដល់ គិតមិនយល់ ចាញ់បោកគេ ចាញ់បោកគណបក្សប្រឆាំង គណបក្សសង្គ្រោះជាតិហ្នឹងអស់រយៈពេល១០ឆ្នាំ។ ១០ឆ្នាំនេះលទ្ធផលអត់មានបានអី មានតែអស់ពីខ្លួនឯងវិញ»។
បន្ទាប់ពីការប្រឹងប្រែងជួយអតីតបក្សប្រឆាំងមួយនេះអស់រយៈពេលប្រមាណ ១០ឆ្នាំ ដោយមិនឃើញទទួលបានលទ្ធផលអ្វីទាំងសម្រាប់ផ្ទាល់ខ្លួន ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋនៅក្នុងស្រុកកោះធំនោះ នៅឆ្នាំ២០១៨នេះ លោកគ្រូ ម៉ាន ឃី បានសម្រេចចាកចេញ ហើយចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
«ឥឡូវយើងបានយល់ត្រូវ យើងលែងយល់ខុសហើយ យើងមកចូលរួមជាមួយប្រជាជនវិញ។ សូមផ្តាំផ្ញើទៅបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាគិតពិចារណាឡើងវិញ អ្នកដែលយល់ខុសនោះ ឲ្យមកចូលរួបរួមគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីអភិវឌ្ឍន៍ជាតិរបស់យើងតទៅអនាគតកុំចាញ់ពាក្យញុះញង់របស់គេ។ គេបានតែថាទេ អ្នកធ្វើយើងមើលឃើញជាក់ស្តែង»។ លោកគ្រូ ម៉ាន ឃី បញ្ជាក់បន្ថែម។
ក្រៅពីលោកគ្រូ ម៉ាន ឃី នៅមានសកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅក្នុងស្រុកកោះធំជាច្រើនទៀត សុទ្ធតែបានសម្រេចចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។ ក្រៅពីការឃើញនូវភាពរីកចម្រើនក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាហើយ ការខកចិត្តចំពោះការសន្យាគ្មានលទ្ធផលរបស់អតីតគណបក្សសង្គ្រោះជាតិ ក៏ជាការដែលជំរុញឲ្យសកម្មជន និងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូសកម្មជន និងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិបង្ហាញពីមូលហេតុនាំឲ្យពួកគេចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងចាកចេញពីអតីតគណបក្សសង្គ្រោះជាតិ៖