(តាកែវ)៖ លោក សុខ សូកាន បេក្ខជនតំណាងរាស្រ្តពេញសិទ្ធិមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកគិរីវង់ បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមជាមួយថ្នាក់ដឹកនាំដទៃទៀតរបស់បក្សប្រជាជន បានយកជីវិតធ្វើជាដើមទុនដើម្បីបុព្វហេតុជាតិ និងកសាងកម្ពុជា ចាប់ផ្តើមពីចំណុចសូន្យរហូតទទួលបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ ដែលនេះជាសច្ចភាពប្រវត្តិសាស្រ្តមិនអាចប្រកែកបាន។
ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងឱកាសលោក សុ សូកាន រួមជាមួយក្រុមការងារចុះជួយស្រុកគិរីវង់ គ្រប់លំដាប់ថ្នាក់ ជួបសួរសុខទុក្ខប្រជាពលរដ្ឋ និងសមាជិកបក្ស និងបានបន្តចុះឃោសនារកសំឡេងឆ្នោតក្នុងភូមិទាំង១១៦ នៅគ្រប់ឃុំទាំង១២ នៃស្រុកគិរីវង់ មានឃុំអង្គប្រាសាទ ឃុំព្រះបាទជាន់ជុំ ឃុំកំណប់ ឃុំកំពែង ឃុំគិរីចុងកោះ ឃុំគោកព្រេច ឃុំភ្នំដេន ឃុំព្រៃអំពក ឃុំព្រៃរំដេង ឃុំរាមអណ្តើក ឃុំសោម និងឃុំតាអូរ ក្នុងស្រុកគិរីវង់ ខេត្តតាកែវ ចាប់ពីថ្ងៃទី២២-២៣ ខែកក្កដា ឆ្នាំ២០១៨។
លោក សុខ សូកាន បានថ្លែងស្វាគមន៍ដោយរីករាយ និងមិនមានការរើសអើងឡើយ ចំពោះសមាជិកគ្រួសារបក្សថ្មីទាំងឡាយ ដែលទើបបានសម្រេចចិត្តចូលមករួមរស់ជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ស្រុកគិរីវង់។
លោកបានបន្តថា ស្រុកគិរីវង់ គឺស្រុកកំណើតរបស់សម្តេចវិបុលបញ្ញា សុខ អាន ដូចនេះលោកប្តេជ្ញានឹងបន្តរួមសុខរួមទុក្ខ ជាមួយប្រជាជន ស្រុកគិរីវង់ ក្នុងនាមជាកូនចៅអ្នកស្រុកគិរីវង់ ដើម្បីបន្តការងារពីបិតារបស់លោក ដោយជួយជំរុញការអភិវឌ្ឍនៅមូលដ្ឋាន ឱ្យកាន់តែលឿនថែមទៀត និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់អ្នកស្រុកគិរីវង់ ឱ្យកាន់តែប្រសើរឡើង។
លោកបានរំឮកថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលនៅជាប់ជាមួយនឹងប្រជាជន គ្រប់កាលៈទេសៈទាំងអស់ ហើយជាគណបក្សតែមួយគត់ដែលបានរួមសុខរួមទុក្ខ និងហ៊ានធ្វើអ្វីៗទាំងអស់ដើម្បីសេចក្តីសុខ របស់ប្រជាជន។
លោកក៏បានអំពាវនាវដល់សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីឱ្យសមាជិកបក្ស ១រូប ក្លាយជាសម្លេងឆ្នោតគាំទ្រគណបក្ស ១សំឡេង ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្រ្តី និងបន្តរក្សាកេរ្តិ៍ឈ្មោះស្រុកគិរីវង់ជាមូលដ្ឋានដ៏រឹងមាំ របស់គណបក្សប្រជាជនកម្ពុជា ដែលជាមរតកស្នាដៃដ៏ថ្លៃថ្លារបស់សម្តេចវិបុលបញ្ញា សុខ អាន៕