(កណ្តាល)៖ សំដៅពង្រឹងសុវត្ថិភាព ម្ហូបចំណីអាហារ ជូនប្រជាពលរដ្ឋដែលទិញយកទៅបរិភោគប្រចាំថ្ងៃ មន្ត្រីសាខាកាំកុងត្រូលខេត្តកណ្តាល ដឹកនាំដោយលោក អ៊ូ ម៉ានរិន ប្រធានសាខាកាំកុងត្រូលខេត្ត សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មាការផ្សារ បានចុះពិនិត្យគុណភាពមុខទំនិញ ដែលកំពុងចរាចរនៅក្នុងផ្សារគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោក អ៊ូ ម៉ានរិន ប្រធានសាខាកាំកុងត្រូលខេត្ត បានឲ្យដឹងថា ក្នុងការចុះពិនិត្យគុណភាពទំនិញ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ មន្ត្រីកាំកុងត្រូល និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានធ្វើការពិនិត្យគុណភាពអាហារកំប៉ុង និងផលិតផលផ្សេងៗ ក្នុងគោលបំណងធានាបាននូវសុវត្ថិភាពចំណីអាហារ សម្រាប់ប្រជាពលរដ្ឋយកទៅប្រើប្រាស់ ដោយមិនប៉ះពាល់ដល់សុខភាពរបស់ពួកគាត់។
បើតាមលោកប្រធានសាខា ក្នុងការត្រួតពិនិត្យក្រុមការងារ បានធ្វើការពិនិត្យដោយរថយន្តមន្ទីរពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋានកាំកុត្រូល ទៅលើមុខទំនិញរួមមាន៖ បន្លែ គ្រឿងសមុទ្រ ជ្រក់ គុយទាវ មី ផ្លែឈើ បង្អែម ស្ករត្នោត និងគ្រឿងឧបភោគ បរិភោគ ដែលមានចំនួន៥៧គំរូ ជាលទ្ធផលក្រុមការងារ បានរកឃើញមានសារធាតុ គីមីហាមឃាត់ បូរ៉ាក់ (Borax) ចំនួន១គំរូ លើបង្អែមលតខៀវស្វិត។
ក្រោយរកឃើញមន្ដ្រីជំនាញ បានធ្វើការដកហូតចំនួន២គីឡូក្រាម និងណែនាំឲ្យឈប់លក់បន្តទៀត និងបានចែកខិតប័ណ្ណអប់រំស្តីពីចំណីអាហារ ជូនដល់អាជីវករដែលលក់ដូរតាមផ្ទះជុំវិញផ្សារ និងប្រជាពលរដ្ឋផងដែរ។
លោកប្រធានសាខាកាំកុងត្រូល បានក្រើនរំលឹកដល់អាជីវករទាំងអស់ត្រូវលក់តែផលិតផលដែលមានសុវត្ថិភាព មានកាលបរិច្ឆេទត្រឹមត្រូវ ចៀសវាងប្រជាជនទិញយកទៅប្រើប្រាស់នាំឲ្យប៉ះពាល់ដល់សុខភាព កើតជំងឺផ្សេងៗធ្វើឲ្យប្រជាជន ត្រូវចំណាយថវិកាដើម្បីព្យាបាលជំងឺ ដែលបង្កឡើងដោយចំណីមិនមានសុវត្ថិភាព៕