(កណ្តាល)៖ លោក ស៊ុន ចាន់ថុល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងស្រុកកោះធំ ខេត្តកណ្តាល នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានបន្តជិះកង់ទៅគ្រប់ច្រកល្ហក ដើម្បីប្រាប់ប្រជាពលរដ្ឋពីសមិទ្ធផលរបស់ជាតិ ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

ក្នុងដំណើរស្វែងរកការគាំទ្រពីប្រជាពលរដ្ឋនេះ លោក ស៊ុន ចាន់ថុល បានជិះកង់ចូលតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ក្រុមអាជីវករលក់ដូរនៅក្នុងផ្សារ ព្រមទាំងកម្មករ កម្មការិនី ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ សហគ្រាផ្សេងៗផងដែរ។ ដំណើរអញ្ជើញចុះស្វែងរកការគាំទ្រនេះ គេសង្កេតឃើញថា លោក ស៊ុន ចាន់ថុល ទទួលបានការស្វាគមន៍ដោយក្តីរីករាយ និងរាក់ទាក់ពីប្រជាពលរដ្ឋ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋដែលលោកបានចុះទៅដល់នោះ លោកប្រធានគណៈអចិន្ត្រៃយ៍បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន មានចក្ខុវិស័យ និងគោលនយោបាយច្បាស់លាស់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទឹក ភ្លើង និងសេវាគាំពារសង្គមជាច្រើនដូចជាការអនុញ្ញាតឲ្យកម្មករ កម្មការិនី កីឡាករ កីឡាការិនី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋមានជីវភាពក្រីក្រ អ្នកធាក់ស៊ីក្លូ អាចពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ, ផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មការិនីពេលសម្រាលកូន និងផ្តល់ឧបត្ថម្ភថវិកា ៧៦ម៉ឺនរៀលដល់ស្ត្រីមានជីវភាពក្រីក្រចាប់ពីដំណាក់កាលមានផ្ទៃពោះ រហូតដល់ក្រោយសម្រាលកូន ចាប់ពីពាក់កណ្តាលឆ្នាំ២០១៩ជាដើម។

លោក ស៊ុន ចាន់ថុល ក៏បានលើកបង្ហាញពីការប្តេជ្ញាចិត្តរបស់មន្ត្រីក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋដោយឈរលើការទូន្មានរបស់សម្តេចតេជោ ហ៊ុន សែន «មន្ត្រីទាំងអស់ គឺជាអ្នកបម្រើរបស់ប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយប្រជាពលរដ្ឋនោះឡើយ»។ លោក ស៊ុន ចាន់ថុល បញ្ជាក់អនុឡោមតាមការទូន្មាននេះ រូបលោក ក៏ដូចជាមន្ត្រីទូទៅតែងតែរកនីតិវិធី និងដោះស្រាយបញ្ហាប្រចាំថ្ងៃជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

លោកប្រធានគណៈអចិន្ត្រៃយ៍ បានលើកឡើងទៀតថា ផ្លូវជាតិមួយចំនួនត្រូវបានពង្រីក និងលើកម្រិតគុណភាពនៅទូទៅទាំងប្រទេស ស្របតាមអាទិភាពនៃផ្លូវនីមួយៗ។ ដោយឡែកនៅក្នុងស្រុកកោះធំនេះ ផ្លូវជាតិលេខ២១ ត្រូវបានលើកគុណភាពទៅជាផ្លូវប្រភេទបេតុងកៅស៊ូ និងផ្លូវតាមភូមិគ្រប់ច្រកល្ហកត្រូវបានកំពុងបន្តសាងសង់ដោយចាក់បេតុង។

លោក ស៊ុន ចាន់ថុល បានសំណូមពរអ្នកស្រុកកោះធំបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ មានរូបទេវត្តាបាចផ្កាជាសម្គាល់ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីទទួលបានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បន្តអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕