(ព្រះសីហនុ)៖ រយៈពេល១៨ថ្ងៃមកនេះ យុទ្ធនាការឃោសនារកសំឡេងឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាពីសហគមន៍ខ្មែរឥស្លាមទូទាំងប្រទេស រៀបចំដោយគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឡើងជាង១០០កន្លែងរួចនោះ បានប្រព្រឹត្តទៅដោយរលូនមិនដែលទទួលរងការរិះគន់ ប្តឹងប្តល់ ឬបង្កបាតុភាពណាមួយ នាំភាពអសកម្ម ចំពោះយុទ្ធនាការខាងលើទេ ផ្ទុយទៅវិញសហគមន៍ខ្មែរឥស្លាមទូទាំងប្រទេស បានទទួលស្វាគមន៍យុទ្ធនាការនេះដោយភាពរាក់ទាក់ និងគាំទ្រដោយឥតងាករេចំពោះគណបក្សប្រជាជនកម្ពុជា ក៏ដូចជាគោលនយោបាយទាំង១១ខ ដែលបានដាក់ចេញសម្រាប់នីតិកាលទី៦។
នេះជាការលើកឡើងរបស់លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកឥស្លាម និងលោកស្រី ក្នុងជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាគណៈចលនាខេត្តព្រះសីហនុ សកម្មជន និងតំណាងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នៅភូមិអូរត្រាវ ដែលអញ្ជើញពីបណ្តាភូមិទូទាំងឃុំអណ្តូងថ្ម នៅស្រុកព្រៃនប់ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨។
ពិធីសំណេះសំណាលនេះ ក៏មានវត្តមានពីលោកប្រធានក្រុមប្រឹក្សា និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ លោក លោកស្រី ជាថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមផងដែរ។
លោក អូស្មាន ហាស្សាន់ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាជាស្នូល នៃការបង្រួបបង្រួមជាតិ ដែលបានស្វែងរកសន្តិភាពជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជាទាំងមូល។
បើតាមលោក អូស្មាន ហាស្សាន់ សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងវីរជនថ្នាក់ដឹកនាំបក្ស ពិតជាមានឆន្ទៈយ៉ាងពិតប្រាកដ ចម្រើជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាពលរដ្ឋ ចេះគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈស្រលាញ់ជាតិ សន្តិភាព និងប្រជាជន ហើយបក្សប្រជាជនកម្ពុជាបានដឹកនាំ រំដោះប្រទេសជាតិ និងប្រជាជនឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ឈានទៅរកត្រើយសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យដូចបច្ចុប្បន្ននេះ។
លោក អូស្មាន ហាស្សាន់ បានអំពាវនាវដល់សាសនិកឥស្លាមទាំងអស់ អញ្ចើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីសុខដុមរមនាសាសនាទាំងអស់នៅកម្ពុជា និងផលប្រយោជន៍បន្តការអភិវឌ្ឍប្រទេសជាតិ តទៅមុខទៀត៕