(ព្រះវិហារ)៖ បើទោះបីជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាន់តែខិតចូលមកដល់ក៏ពិតមែន តែសម្រាប់ប្រជាពលរដ្ឋខ្លះរហូតមកដល់ថ្ងៃនេះ ពួកគាត់មិនដឹងខ្លួនថា ពួកគាត់នៅគណបក្សណានោះទេ ហើយក៏មិនទាន់សម្រេចចិត្តបោះឆ្នោតឲ្យគណបក្សណាដែរ។ បញ្ហានេះដោយសារពួកគាត់កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ តាមរយៈសកម្មភាពឃោសនារកសំឡេងឆ្នោត របស់គណបក្សនយោបាយនីមួយៗ។
តាមរយៈសារនយោបាយទាំង១១ចំណុចរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់អនុវត្តន៍នៅអាណត្តិទី៦ ធ្វើឲ្យប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារចំណុចទាំង១១នេះ សុទ្ធតែបានផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ។
ដោយមើលឃើញ និងជឿជាក់លើគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ពិសេសជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កន្លងមក នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋចំនួន១៦៣នាក់ នៅភូមិភ្នំពេញ ឃុំគូលែន ស្រុកគូលែន ខេត្តព្រះវិហារ ក្នុងនោះមាន៤៣នាក់ ជាអតីតសមាជិកបក្សប្រឆាំង បានមកសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
ពិធីប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ក្នុងឱកាសនោះ ក្រោមវត្តមានលោក យិន ចំណាន ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកគូលែន និងលោក គោ ស៊ុប៊ុនសឿត អនុប្រធានក្រុមការងារខេត្តចុះជួយស្រុកគូលែន ព្រមទាំងសមាជិកក្រុមការងារជាច្រើនរូប។
លោក យិន ចំណាន បានស្វាគមន៍ចំពោះវត្តមានរបស់សមាជិកថ្មីទាំង១៦៣នាក់នេះ ដែលបានគិតត្រូវក្នុងការចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន។ ជាមួយនឹងការបោះឆ្នោតជិតចូលមកដល់ផងនោះ លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ មានរូបទេវតាបាចផ្កា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕