(កំពង់ធំ)៖ លោក សុខ លូ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារយុវជនខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតជូនដល់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា។
លោកបានថ្លែងយ៉ាងដូច្នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយ យុវជនគណបក្សប្រជាជនកម្ពុជា ស្រុកស្ទោង ខេត្តកំពង់ធំ ប្រមាណជាង ៩០០នាក់ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨។
ជាមួយនឹងការជំរុញឱ្យបន្តបញ្ជាក់អត្តសញ្ញាណបម្រើដល់ការបោះឆ្នោត លោក សុខ លូ បន្ថែមទៀតក៏បានជំរុញឱ្យយុវជនគណបក្សប្រជាជនកម្ពុជា បង្កើនសកម្មភាពចុះជួបជាមួយប្រជាពលរដ្ឋផងដែរ។ លោកថ្លែងថា យុវជនគណបក្សប្រជាជនក្នុង ឃុំ-សង្កាត់ ក្រុង-ស្រុកណា គឺជាសេនាធិការឲ្យគណបក្សឃុំ-សង្កាត់ ក្រុង-ស្រុកនោះ ដូច្នេះយុវជន មានតួនាទីសំខាន់ណាស់ ក្នុងការចុះមូលដ្ឋានជួបបងប្អូនប្រជាពលរដ្ឋ បង្រៀនពួកគាត់ឲ្យចេះគូសន្លឹកឆ្នោត និងណែនាំពួកគាត់ឲ្យដឹងពីរបៀបបោះឆ្នោត ដោយនាំយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ហើយការបោះឆ្នោតនេះ មានរយៈពេលតែ១ថ្ងៃគត់ គឺនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
លោកបន្តថា ម្យ៉ាងវិញទៀត នៅពេលដែលពុកម៉ែបងប្អូនទទួលបានសន្លឹកឆ្នោត សូមពិនិត្យមើល បើសន្លឹកឆ្នោតគ្មានបោះត្រានៅខាងខ្នង ឬមានប្រឡាក់ទឹកត្រា ទឹកខ្មៅ ត្រូវសុំដូរសន្លឹកឆ្នោតថ្មីវិញ ព្រោះសន្លឹកឆ្នោតបែបនេះត្រូវចាត់ទុកជាសន្លឹកឆ្នោតមិនបានការ និងគូសឲ្យចំគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញារូបទេវតាបាចផ្កា ស្ថិតនៅលេខរៀងទី ២០ លើសន្លឹកឆ្នោត ដើម្បីគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត ដឹកនាំប្រទេស រក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍបន្តទៀត។
នាក្នុងឱកាសនោះដែរ លោកបានអំពាវនាដល់ប្រជាពលរដ្ឋទាំងអស់ អញ្ជើញចូលរួមទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ និងកុំជឿការញុះញ៉ងរបស់បុគ្គលមួយចំនួនតូច ដែលឃោសនាមិនឲ្យបងប្អូនទៅចូលរួមបោះឆ្នោត ឬទឹកខ្មៅជ្រលក់ដៃ រយៈពេល ២៤ម៉ោងជាដើម៕