(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត និងលោក ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកភ្នំក្រវាញ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវគ្រួសក្រហមប្រវែង៧១០០ម៉ែត្រ លូកាត់ផ្លូវ០៧កន្លែង តភ្ជាប់ពីភូមិអូរព្រាល ដល់ភូមិព្រែក២ និងស្ពានឈើមួយកន្លែងទៀត មានប្រវែង១៦ម៉ែត្រ។
ពិធីនេះធ្វើឡើង នៅក្នុងបរិវេណដីវាល ជាប់ផ្លូវក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិព្រែក២ ឃុំសំរោង ស្រុកភ្នំក្រវាញ ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីអ្នកមុខអ្នកការក្នុងស្រុក ក្រុមការងារចុះជួយ ឃុំ-ស្រុក និងប្រជាពលរដ្ឋជិត៨០០នាក់។
លោក ទី នរិន្ទ និងលោក ម៉ៅ ធនិន បានថ្លែងថា «ផ្លូវគ្រួសក្រហម៧១០០ម៉ែត្រ និងលូកាត់ផ្លូវ០៧កន្លែង ពីភូមិអូរព្រាល ដល់ភូមិព្រែក២ និងស្ពានឈើមួយកន្លែងទៀត ប្រវែង១៦ម៉ែត្រ ក្នុងឃុំសំរោង ស្រុកភ្នំក្រវាញ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីស្រឡាងមួយទៀត របស់គណបក្សប្រជាជនកម្ពុជា ផ្តើមចេញពីវប្បធម៌សាមគ្គីចែករំលែក របស់ក្រុមការងារចុះជួយស្រុក ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជន បានធ្វើដំណើរ និងដឹកជញ្ជូនកសិផលផ្សេងៗ ដោយមិនប្រកាន់អំពីនិន្នាការនយោបាយអ្វីឡើយ។ សមិទ្ធផលនេះ គឺជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់ របស់បងប្អូនប្រជាពលរដ្ឋ ដែលកន្លងមកជួបការលំបាកជាខ្លាំង នៅរដូវវស្សា»។
ថ្នាក់ដឹកនាំទាំង២ បានលើកឡើងថា ជាង៣៩ឆ្នាំកន្លងមកនេះ សង្គមជាតិទាំងមូលទទួលបានសុខសន្តិភាព ស្ថេរភាព និងកសាងបាន នូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគ្រប់ទីកន្លែង ដោយសារប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធទាំងនោះ ក្នុងនោះក៏មានស្រុកភ្នំក្រវាញយើងផងដែរ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង។
តាមរយៈសមិទ្ធផលនេះ ថ្នាក់ដឹកនាំទាំង២ បានសំណូមពរដល់ប្រជាពលរដ្ឋ បន្តចូលរួមប្រើប្រាស់ និងថែរក្សាសមិទ្ធផលទាំងនេះ ឱ្យបានគង់វង្សល្អ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រួមដំណើរជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីបានបន្តគ្រប់គ្រងដឹកនាំនាវាកម្ពុជា
ឆ្ពោះទៅរកការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ជាមួយគ្នានោះ ថ្នាក់ដឹកនាំទាំង២ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឱ្យបានគ្រប់ៗគ្នា ដោយបញ្ជាក់ថានៅសល់០៥ថ្ងៃទៀតទេ នឹងដល់ថ្ងៃបោះឆ្នោតហើយ៕