(ភ្នំពេញ)៖ សាលាអន្តរជាតិវើលដ៍កម្ពុជា បានចែកវិញ្ញាបនបត្រ និងប័ណ្ណសរសើរជូនដល់សិស្សឆ្នើម និងសិស្សានុសិស្សបញ្ចប់កាសិក្សាឆ្នាំសិក្សា២០១៧ - ២០១៨ជាង១០០នាក់ ក្នុងចំណោមនោះមានសិស្សថ្នាក់មត្តេយ្យកម្រិត២ ចំនួន៨៤នាក់ សិស្សថ្នាក់ទី៦ចំនួន ១៩នាក់ និងសិស្សឆ្នើមចំនួន៥៤នាក់។
លោកស្រី សាយ សោភា អគ្គនាយិកាសាលាអន្តរជាតិវើលដ៏កម្ពុជា បានថ្លែងឱ្យដឹងថា នេះជាលើកទី៥ហើយ ដែលសាលារៀនចែកជូនវិញ្ញាបនបត្រនិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើម និងសិស្សានុសិស្ស ដែលបានបញ្ចប់ការសិក្សា គិតដល់ពេលនេះមានសិស្សានុសិស្សចំនួនជាង៩៥៨នាក់ហើយដែលបានទទួលវិញ្ញាបនបត្រពីសាលា។
លោកស្រីអគ្គនាយិកា បានបង្ហាញពីសមិទ្ធផលនានា ដែលលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសម្រេចបានក្នុងឆ្នាំសិក្សា២០១៧-២០១៨កន្លងមកដូចជា ការទទួលបានចំណាត់ថ្នាក់លេខ៣ លើវិញ្ញាសាបាល់់ទាត់បុរស បាល់បោះ បុរស -នារី ពីសិស្សសាលាវើលដ៏កម្ពុជាទៀតផង។ មិនតែប៉ុណ្ណោះសាលាក៏ត្រូវបានវាយតម្លៃពីមន្ទីរអប់រំ យុវជននិងកីឡារាជធានីភ្នំពេញ ជាសាលាដែលមានស្នាដៃល្អប្រសើរ លើការងារគ្រប់គ្រងរដ្ឋបាលបរិស្ថាននិងបច្ចេកទេសបង្រៀន សម្រាប់ឆ្នាំសិក្សា២០១៧-២០១៨ផងដែរ។
លោកស្រីបានបញ្ជាក់ទៀតថា ទន្ទឹមនឹងនោះបវេសនកាលថ្មី ឆ្នាំសិក្សា២០១៨ -២០១៩ ដែលនឹងចូលរៀននៅថ្ងៃទី១៦ ខែសីហាឆ្នាំ២០១៨ខាងមុខនេះ សាលារៀនបានកំពុងបំពាក់នូវបរិក្ខារថ្មីៗទំនើបៗ បញ្ចូលបន្ថែមនូវសម្ភារៈឧបទេសបង្រៀន និងរៀនឲ្យកានតែសម្បូរបែបព្រមទាំងពង្រីនូវអគារសិក្សារបស់ខ្លួនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងគុណភាព សិក្សារបស់សិស្សានុសិស្សឲ្យកាន់តែមានភាពខ្លាំងឡើងទ្វេដង។
លោកស្រី សាយ សោភា បានបន្ថែមទៀតថា ក្នុងថ្ងៃនេះក្រៅពីការចែកវិញ្ញាបនបត្រ និងប័ណ្ណសរសើរក៏មានការ សំដែងរបាំឈុតឆាកអប់រំផ្សេងៗ ពីសំណាក់សិស្សានុសិស្សគ្រប់កម្រិតសិក្សាផងដែរ៕