(កំពត)៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តកំពត បានបន្តអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋ ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា តែ១ថ្ងៃគត់ ជូនគណបក្សប្រជាជនកម្ពុជាដើម្បីឲ្យសង្គមជាតិមាន សុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនតទៅមុខទៀត។
លោកអំពាវនាវបែបនេះ ក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជាប្រមាណ ៣,០០០នាក់ ក្នុងបរិវេនវត្តភ្នំបុណ្យ
ស្ថិតនៅភូមិដានគោមខាងត្បូង ឃុំដានគោម ស្រុកអង្គជ័យ។
លោក ជាវ តាយ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែកក្កដានេះ គឺសល់ត្រឹមតែ៥ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងចូលមកដល់ សូមបងប្អូនប្រជាពលរដ្ឋ ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ មានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ ដើម្បីបានសម្តេចតេជោ ហ៊ុន សែន បន្តការដឹកនាំប្រទេសកម្ពុជាបន្តទៀត។
លោកបានបន្តថា បងប្អូនប្រជាពលរដ្ឋ គឺជាម្ចាស់ប្រទេស ជាអ្នកកំណត់លើជោគវាសនាប្រទេសខ្លួន បើបងប្អូនសម្រេចចិត្តត្រូវ ប្រទេសមានការអភិវឌ្ឍ តែបើសម្រេចចិត្តខុស ប្រទេសនឹងធ្លាក់ក្នុងភ្នក់សង្រ្គាម និងមានវិនាសកម្ម ដូចរបបប៉ុលពតជាសក្ខីភាពស្រាប់។
លោកបានកោតសរសើរ សមាជិក សមាជិកា និងប្រជាពលរដ្ឋទាំងអស់ ដែលមានការគោរពស្រឡាញ់ ជឿជាក់ និងមានការគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រោះថា គណបក្សប្រជាជនកម្ពុជា កើតចេញពីប្រជាជន ការពារប្រជាជន ដើម្បីប្រជាជន ជារបស់ប្រជាជន។
លោកបន្តទៀតថា ទន្ទឹមនឹងមានថ្ងៃនេះ សមិទ្ធិផលគ្រប់បែបយ៉ាង ដែលកើតមានឡើង ដោយសារបងប្អូនប្រជាពលរដ្ឋបានជ្រើសរើសអ្នកដឹកនាំប្រទេសពិតប្រាកដ ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី ដែលបានតស៊ូ និងទុក្ខលំបាក អត់ឃ្លាន លះបង់គ្រប់យ៉ាង ដើម្បីបុព្វហេតុជាតិ នាំឲ្យយើងមានសុខសន្តិភាព ឯករាជ្យជាតិពេញបរិបូណ៌។ ជាពិសេសទៀតនោះ គឺសេដ្ឋកិច្ចជាតិនៅ៥ឆ្នាំចុងក្រោយនេះ មានកំណើនរហូត៧% ដែលមិនធ្លាប់មានកន្លងមកបានជំរុញដល់វិស័យនានាទូទាំងប្រទេស ឲ្យមានការរីកចម្រើនជាលំដាប់ទៀតផង៕