(តាកែវ)៖ សហប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកព្រៃកប្បាស់ ខេត្តតាកែវ លោក ពេជ សោភ័ន បានថ្លែងថា ក្នុងរយៈពេលជាង ៣០ឆ្នាំក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានការរីកចម្រើនហួសពីការរំពឹងទុកជា ពិសេសប្រជាពលរដ្ឋកាន់តែមានជីវភាពល្អប្រសើរឡើង។
ថ្លែងនៅចំពោះមុខសមាជិកគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋនៅក្នុងឃុំកំពែង ស្រុកព្រៃកប្បាស់ ខេត្តតាកែវ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ពេជ សោភ័ន បានថ្លែងបន្តថា ក្រោយការរំដោះថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ប្រជាពលរដ្ឋកម្ពុជាក្រីក្រ១០០ភាគរយ ប្រទេសជាតិសល់តែគំនរផេះផង់ ក៏ប៉ុន្តែពីពេលនោះរហូតមកដល់ពេលនេះ អ្វីៗគ្រប់យ៉ាងបានប្រែប្រួលហួសពីការស្មាន។
ក្រោមការដឹករបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋមានការងារធ្វើ អាត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាធ្លាក់មកនៅជាង១០ភាគរយនៅក្នុងឆ្នាំ២០១៨នេះ ហើយមន្រ្តីរាជការ និងកម្មករ កម្មាការិនី កំពុងតែទទួលបានផលប្រយោជន៍ជាច្រើន ពីការផ្ដល់ជូនពីសំណាក់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា។
នៅក្នុងឱកាសនោះលោក ពេជ សោភ័ន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋអញ្ជើញ ទៅបោះឆ្នោតឲ្យបានគ្រប់គ្នាៗ ហើយកុំជឿលើការញុះញង់ របស់ក្រុមជនអគតិមួយចំនួន ដែលបានធ្វើសកម្មភាពខុសច្បាប់ តាមរយៈការឃាត់ឃាំងប្រជាពលរដ្ឋមិនឲ្យចេញទៅបោះឆ្នោត ឬធ្វើយុទ្ធនាការម្រាមដៃស្អាត ដែលសកម្មភាពទាំងអស់នោះ គឺជាសកម្មភាពខុសច្បាប់ និងមានគោលបំណងទុច្ចរិតក្នុងការបម្រើមហិច្ឆតាក្រុមខ្លួន និងពួកបរទេសដែលនៅពីក្រោយខ្លួនតែប៉ុណ្ណោះ៕