(ភ្នំពេញ)៖ ក្រៅពីការយកចិត្ដទុកដាក់ចំពោះជីវភាពមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី ក៏កំពុងត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាមគ្គុទេសដ៏ចំណាន យកចិត្ដទុកដាក់ខ្ពស់បំផុតផងដែរ តាមរយៈការដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំ។
ជាក់ស្ដែងបច្ចុប្បន្ននេះកម្មករ កម្មការិនី ក្នុងវិស័យវេយណភណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ដែលមានចំនួនជាង៧៣ម៉ឺននាក់នោះ កំពុងទទួលបានប្រាក់ឈ្នួលទៀបបំផុត១៧០ដុល្លារ បូកជាមួយប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ក្នុងមួយខែពួកគេអាចទទួលបានប្រាក់ឈ្នួលរហូតដល់ទៅជាង ២០០ដុល្លារ។
តាមរយៈប្រាក់ឈ្នួលនេះ បានធ្វើឲ្យការរស់នៅរបស់កម្មករ កម្មការិនីកាន់តែប្រសើរ ហើយអ្នកខ្លះទៀតបានជួយធ្វើឲ្យជីវភាពរបស់ក្រុមគ្រួសារ បានល្អប្រសើរផងដែរ ពោលអាចផ្ដល់លុយទៅឪពុកម្ដាយនៅឯស្រុកកំណើតកែលម្អ និងសាងសង់លំនៅឋានបានយ៉ាងសមរម្យ ដែលខុសពីអតីតកាលរបស់ពួកគាត់។
ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសដាក់ចេញគោលនយោបាយយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាពរបស់កម្មករ កម្មការិនី ក៏ដូចជាបុគ្គលិក ក្រុមហ៊ុនឯកជននានា ដោយបន្តជំរុញឲ្យមានការដំឡើងប្រាក់ឈ្នួលឲ្យបានខ្ពស់ និងកំណត់ឲ្យការបើកប្រាក់ឈ្នួលនេះ ធ្វើឡើងរយៈពេល ពីរសប្តាហ៍ម្តង ប្រសិនបើសម្ដេចឈ្នះឆ្នោតបន្តដឹកនាំរាជរដ្ឋាភិបាល នៅក្នុងអាណត្តិទី៦នេះ។
ក្រៅពីការតម្លើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំហើយនោះ និងដើម្បីស្វែងយល់កាន់តែច្បាស់ពីសុខទុក្ខរបស់ប្អូនកម្មករ កម្មការិនី សម្ដេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវផែនការចុះជួបផ្ទាល់ជាមួយកម្មករ កម្មការិនី២ដងក្នុងមួយសប្ដាហ៍ ហើយរហូតមកដល់ពេលនេះ សម្ដេចបានជួបកម្មករ កម្មការិនី ជាង៦០ម៉ឺននាក់ ហើយក្នុងជំនួបជិត៥០លើក គិតចាប់តាំងពីខែសីហា ឆ្នាំ២០១៧មក។
ក្រៅពីភាពស្និទ្ធស្នាល នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលកំពុងបាញ់ឆ្ពោះទៅវិស័យឧស្សាហកម្មនេះ ក៏បានដោះស្រាយបញ្ហាជូនកម្មករ និងផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់បងប្អូនកូនក្មួយផងដែរ។
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏តែងគូសរំលេចដែរថា មានប្រទេសក្នុងតំបន់មួយចំនួន ប្រាក់ឈ្នួលលើកម្លាំងពលកម្មគឺទាបជាងកម្ពុជានៅឡើយទេ ពោលប្រទេសបង់ក្លាដេស ស្រីលង្ការ ឥណ្ឌា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងប៉ាគីស្ថានជាដើម។
ដើម្បីរក្សាអ្វីដែលកំពុងមាននៅក្នុងដៃ និងដើម្បីទទួលបានអ្វីដែលសម្ដេចតេជោ ហ៊ុន សែន ត្រៀមនឹងផ្ដល់ជូននៅអាណត្តិទី៦ ប្រសិនបើសម្ដេចបន្ដឈ្នះឆ្នោត ជានាយករដ្ឋមន្ដ្រីនោះ សូមប្រជាពលរដ្ឋទាំងអស់ ពិសេសកម្មករ កម្មការិនី អញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ហើយត្រូវគូសឲ្យចំគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០៕