(ឧត្តរមានជ័យ)៖ ការពង្រាយសាលាទៅតាមទីជនបទជាគោលនយោបាយដ៏អាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីពង្រីកវិសាលភាពធនធានមនុស្ស។ កូនចៅប្រជាពលរដ្ឋខេត្តឧត្តរមានជ័យ ដែលជាទឹកដីអតីតសមរភូមិសង្គ្រាមដ៏ស្រួចស្រាវរបស់ខ្មែរពីអតីតកាលក៏កំពុងតែទទួលបានប្រយោជន៍យ៉ាងច្រើនពីគោលនយោបាយនេះផងដែរ។
ក្នុងដំណើរចុះជួបមន្ត្រីរាជការក្នុងខេត្តឧត្តរមានជ័យកាលពីឆ្នាំ២០១៦កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតចូលស្ទើរគ្រប់សាលា ដើម្បីជួបជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ ក្នុងដំណើរចូលតាមសាលារៀននោះ សម្តេចតេជោ ហ៊ុន សែន បានមើលឃើញពីការខ្វះខាតអគារសិក្សា ហើយបានផ្តល់អគារសិក្សាជាច្រើនខ្នងជាចំណងដៃដល់សិស្សានុសិស្សលើដែនដីអតីតសង្គ្រាមមួយនេះ។
លោក ពេជ្រ រតនា ប្រធានមន្ទីរអបរំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ក្នុងអំឡុងពេលចុះទៅកាន់ខេត្តឧត្តរមានជ័យនាឆ្នាំ២០១៦នោះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អគារសិក្សាសរុប ៤៥ខ្នង ស្មើ ៤៤០បន្ទប់។ អគារនេះរាប់បញ្ចូលទាំងទីចាត់ការ និងអគារអន្តេវាសិកដ្ឋានផងដែរ។
មកដល់ពេលបច្ចុប្បន្ននេះអគារសិក្សាទាំងអស់នេះសាងសង់ជិតរួចរាល់អស់ហើយ ហើយអគារសិក្សាជាច្រើនក៏បានអនុញ្ញាតឲ្យសិស្សចូលអង្គុយសិក្សារៀនសូត្រផងដែរ។ លោក គន់ គីម ប្រធានគណៈពង្រឹងការងារនៅក្នុងខេត្តឧត្តរមានជ័យនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានធ្វើដំណើរចុះពិនិត្យដោយផ្ទាល់ចំពោះការសិក្សារបស់សិស្សានុសិស្សនៅក្នុងអគារសិក្សាដ៏ប្រណិត និងថ្មីសន្លាងទាំងអស់នេះ។
ជាមួយនឹងការសិក្សាក្រោមដំបូលអគារសិក្សាថ្មីនេះ គេសង្កេតឃើញសិស្សានុសិស្សទាំងអស់ពោរពេញដោយស្នាមញញឹម ដែលបង្ហាញឲ្យឃើញនូវក្តីរីករាយ និងត្រេកអររបស់ពួកគេចំពោះការសិក្សាក្រោមអគារសិក្សាថ្មីទាំងអស់នេះ។ តាមរយៈការសាកសួរសិស្សានុសិស្សសុទ្ធតែបានថ្លែងថា ពួកគេរីករាយ និងសប្បាយចិត្តនៅពេលបានសិក្សាក្រោមដំបូលអគារសិក្សាថ្មី ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន។
ជាមួយនឹងភាពសប្បាយរីករាយក្រុមសិស្សានុសិស្សសុទ្ធតែបានប្តេជ្ញាចិត្តក្នុងការប្រឹងប្រែងសិក្សារៀនសូត្រក្រេបជញ្ជក់យកចំណេះដឹងមកចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីជាការតបស្នងសងគុណសម្តេចតេជោ ហ៊ុន សែន។
លោក គន់ គីម ក្នុងពេលចុះពិនិត្យការសិក្សារបស់សិស្ស និងអគារសិក្សាថ្មីទាំងនោះ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ ជាពិសេសសម្តេចតេជោ បានយកការបណ្តុះបណ្តាលនេះជាវិស័យអាទិភាពមួយចាប់តាំងពីក្រោយថ្ងៃរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ៧ មករា ១៩៧៩មកម្ល៉េះ។
ក្នុងឱកាសនោះ លោក គន់ គីម បានថ្លែងជំរុញឲ្យសិស្សានុសិស្សទាំងប្រឹងប្រែងរៀនសូត្រឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីយកចំណេះដឹងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ និងស្រុកកំណើតរបស់ខ្លួនឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
យោងតាមរបាយការណ៍មន្ទីរអបរំ យុវជន និងកីឡា បានឲ្យដឹងថា អគារសិក្សានៅខេត្តឧត្តរមានជ័យមានចំនួនសរុប ៤១២ខ្នង ស្មើនឹង ១,៧៤៩បន្ទប់។ ក្នុងនោះអគារសិក្សាជាអំណោយសម្តេចតេជោ ហ៊ុន សែន មានចំនួន ៩១ខ្នង ស្មើនឹង ៦៩៤បន្ទប់។
បច្ចុប្បន្នខេត្តឧត្តរមានជ័យមានសិស្សានុសិស្សកំពុងសិក្សាសរុបចំនួន ៥២,៩៣២នាក់ ក្នុងនោះនារីមានចំនួន ២៥,៨៣២នាក់៕