(ភ្នំពេញ)៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ បានចេញសេចក្ដីថ្លែងការណ៍ ដោយសម្ដែងការខកចិត្តយ៉ាងខ្លាំង ចំពោះការអធិប្បាយកាលពីពេលថ្មីៗនេះ របស់លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានសរសេរតាមបណ្ដាញសង្គម Facebook ពាក់ព័ន្ធការព្រួយបារម្ភពីភាពស្របច្បាប់ នៃការមិនចូលរួមបោះឆ្នោត និងការចោទប្រកាន់ ស្ដីពីការផ្អាកសេវាសាធារណៈចំពោះជនទាំងឡាយណា ដែលមិនបោះឆ្នោតឲ្យគណបក្ស កាន់អំណាចនៅពេលខាងមុខ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ។

តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសបានបញ្ជាក់ថា ពេលវេលា និងគោលបំណងនៃការធ្វើការកត់សំគាល់របស់លោកស្រីសាស្រ្តាចារ្យ រ៉ូណា ស្មីត នេះ បានធ្វើឲ្យមានសំនួរចោទសួរ មួយចំនួន ដោយហេតុថាខ្លឹមសារនៃការកត់សំគាល់របស់គាត់មានភាពលំអៀងនិងមានការវិនិច្ឆ័យទុកជាមុន នៅក្នុងបរិបទ នៃការរៀបចំការបោះឆ្នោតដែលទទួលបានការយកចិត្តទុកដាក់នៅកម្ពុជា។

ក្រសួងការបរទេសបានចាត់ទុកថា «ការអំពាវនាវរបស់គាត់ហាក់ដូចជា បានបង្ហាញឲ្យឃើញពីការគាំទ្រដល់យុទ្ធនាការដែលមានការសម្របសម្រួលដោយ សម រង្ស៊ី និងសមាជិក នៃគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយដោយស្របច្បាប់រួចទៅហើយនោះ ហើយដែលកំពុងព្យាយាមធ្វើឲ្យអន្តរាយដល់ការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការលើកទឹកចិត្តអ្នកបោះឆ្នោតឲ្យធ្វើពហិការការបោះឆ្នោត និងបង្រៀនធ្វើឲ្យខូចសន្លឹកឆ្នោត នៅថ្ងៃបោះឆ្នោត។ មិនដូចប្រទេសខ្លះនោះទេ កម្ពុជាមិនមានច្បាប់ណាមួយដាក់ទោស ដល់អ្នកដែលមិនបានទៅបោះឆ្នោតនោះទេ។ ទោះជាយ៉ាងណា ច្បាប់បោះឆ្នោតរបស់កម្ពុជា ដាក់ទោសតែអ្នកដែលទប់ស្កាត់អ្នកដ៏ទៃមិនឲ្យបោះឆ្នោត ដូចដែលមានចែងនៅក្នុងមាត្រា១៤២ នៃច្បាប់បោះឆ្នោត តែប៉ុណ្ណោះ»

អ្នករាយការណ៍ពិសេស ហាក់ដូចជា មើលមិនឃើញពីទង្វើប្រជានិយមដ៏គ្រោះថ្នាក់របស់ សម រង្ស៊ី និងក្រុមរបស់គាត់ ដែលបានអំពាវនាវឲ្យយោធាបះបោរប្រឆាំងនឹងរដ្ឋាភិបាល អុចអាលឲ្យមានការស្អប់ខ្ពើមពូជសាសន៍ និងជនបរទេស ព្រមទាំងបង្កគំនិតជាតិនិយមជ្រុល ដែលធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងសន្តិភាពជាមួយ ប្រទេសជិតខាងមួយរបស់កម្ពុជា។ ការប្រព្រឹត្តបែបនេះ ពុំមានជាលក្ខណៈលទ្ធិប្រជាធិបតេយ្យទាល់តែសោះ ហើយដែលត្រូវទទួលបានការថ្កោលទោសយ៉ាងខ្លាំងនៅក្នុងសង្គមប្រជាធិបតេយ្យ។ ក្រសួងការបរទេសបញ្ជាក់បន្ថែម។

ទាក់ទងបញ្ហានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការកត់សំគាល់ប្រកបដោយការសោកស្តាយយ៉ាងខ្លាំងចំពោះអ្នករាយការណ៍ពិសេស ដែលមិនបានលើកឡើង ទាល់តែសោះពីការប្រព្រឹត្តអប្រជាធិបតេយ្យ ដូចដែលបានលើកឡើងខាងលើ។ ការសង្កេតប្រកបដោយយុត្តិធម៌និងសត្យានុម័តនៃដំណើរការបោះឆ្នោត គួរគូសបញ្ជាក់ពីធម្មជាតិបក្សប្រឆាំងដ៏កំសោយ ដែលប៉ុនប៉ងរំខានដល់សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ដែលទទួលបានដោយលំបាកនៅកម្ពុជា។

ពាក់ព័ន្ធបញ្ហានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមស្នើដល់អ្នករាយការណ៍ពិសេសឲ្យគោរពឲ្យបានហ្មត់ចត់នូវ «ក្រមប្រតិបត្តិសំរាប់អ្នកដែលមានអាណត្តិ នៅក្នុងកិច្ចដំណើរការពិសេស នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស» និង «កូនសៀវភៅណែនាំអំពីប្រតិបត្តិការ នៃនីតិវិធីពិសេសនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស»

ចំពោះរបាយការណ៍ដែលថា អាជ្ញាធរមូលដ្ឋានបានគំរាមមិនផ្តល់សេវាសាធារណៈដល់អ្នកដែលមិនបោះឆ្នោតឲ្យគណបក្សកាន់អំណាច ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបញ្ជាក់ជាថ្មីម្តងទៀតថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាធានាផ្តល់ដល់ប្រជាជនកម្ពុជាទាំងអស់នូវសេវាសាធារណៈ ដោយមិនគិតពីនិន្នាការនយោបាយ និងឋានៈសង្គមរបស់ពួកគេឡើយ៕