(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការនគរបាលជាតិស្ដីទី នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីណែនាំចំនួន៥ចំណុច ស្ដីពី ការពង្រឹងបន្ថែមក្នុងការត្រួតពិនិត្យ និងគ្រប់គ្រង រំសេវ គ្រឿងផ្ទុះ នៅតាមបណ្ដាក្រុមហ៊ុន ការដ្ឋាន និងមូលដ្ឋានអាជីវកម្ម។ នេះបើយោងតាមសេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។
ក្នុងសេចក្ដីណែនាំបានបញ្ជាក់ថា ការចេញសេចក្ដីណែនាំនេះ ក្នុងគោលបំណងធានា បាននូវការគ្រប់គ្រងរំសេវ គ្រឿងផ្ទុះ នៅតាមបណ្ដាក្រុមហ៊ុន ការដ្ឋាន មូលដ្ឋានអាជីវកម្ម សំដៅបង្ការរាំងស្កាត់ រំសេវគ្រឿងផ្ទុះទាំងនោះ ធ្លាក់ដល់ដៃជនទុច្ចរិត ដែលអាចយកទៅប្រព្រឹត្ដបទល្មើស ឬភេរវកម្ម ដែលបង្កហានីភ័យគ្រោះថ្នាក់ បង្កសំឡេងផ្ទុះ បង្កើតឲ្យមានភាពចលាចល។
សេចក្ដីណែនាំ បានបន្ថែមទៀតថា ពិសេសមុនពេល ក្នុងពេល និងក្រោយពេលបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្ដ្រអាណត្ដិទី៦ ដែលនឹងប្រព្រឹត្ដទៅនាពេលខាងមុខនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការណែនាំដល់នាយកដ្ឋានជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចំនួន៥ចំណុចសំខាន់ៗ រួមមាន៖
ទី១៖ បង្កើនផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ក្រុមហ៊ុន ការដ្ឋាន មូលដ្ឋានអាជីវកម្ម អំពីច្បាប់ និងណែនាំបទដ្ឋានពាក់ព័ន្ធដល់ការគ្រប់គ្រងរំសេវ គ្រឿងផ្ទុះឲ្យបានហ្មត់ចត់ និងមានសុវត្ថិភាព។
ទី២៖ បង្កើនការត្រួតពិនិត្យអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ នៅតាមដងផ្លូវ តាមទីសាធារណៈ តាមគោលដៅសំខាន់ៗ និងពង្រឹងវិធានការត្រួតពិនិត្យ ទប់ស្កាត់ បង្ក្រាបរាល់ការលួចលាក់នាំចូល ឬ លួចដឹកជញ្ជូន ឆ្លងកាត់នៅតាមតំបន់ព្រំដែន។
ទី៣៖ ចាត់បញ្ជូនមន្ដ្រីនគរបាលជំនាញ ឬ នគរបាលមូលដ្ឋាន ដើម្បីការពារទីតាំង និងចុះបញ្ជីគ្រប់គ្រងត្រួតពិនិត្យការបញ្ជូល ការបញ្ចេញ ការរក្សាទុក ការបំផ្ទុះ ពិសេសការគ្រប់គ្រងឃ្លាំងរក្សាទុក និងប្រមូលរំសេវគ្រឿងផ្ទុះដែលសល់ពីការប្រើប្រាស់ (ត្រូវបង្វែរមករក្សាទុកឃ្លាំងសុវត្ថិភាពវិញជាដាច់ខាត)។
ទី៤៖ ណែនាំដល់ម្ចាស់ក្រុមហ៊ុន ការដ្ឋាន មូលដ្ឋានអាជីវកម្មនានាឲ្យផ្អាកបណ្ដោះអាសន្ន ការដឹកជញ្ជូនការប្រើប្រាស់រំសេវ គ្រឿងផ្ទុះ ដោយហាមដាច់ខាតមិនឲ្យដំណើរការរយៈពេល១សប្ដាហ៍ មុននឹងក្រោយថ្ងៃការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ដ្រអាណត្ដិទី៦។
ទី៥៖ នាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ត្រូវតាមដានត្រូតពិនិត្យការចាត់តាំងអនុវត្ដខាងលើនេះ ព្រមទាំងចាត់បញ្ជូននាយនគរបាល និងមន្ដ្រីជំនាញចុះសហការជាមួយស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ដើម្បីពិនិត្យលើគោលដៅដែលបានកំណត់ថាមានភាពស្មុគ្រស្មាញ និងចាត់វិធានការជំនាញដោយផ្អែក លើស្ថានភាពជាក់ស្ដែង៕
ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់អគ្គស្នងការនគរបាលជាតិស្តីទី៖