(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានរៀបចំពិធីប្រគល់ និងទទួលសម្ភារអេឡិចត្រូនិក និង IT ដែលមានតម្លៃប្រហែល ៧៥,៥៨៥ដុល្លារអាមេរិក ដែលជាអំណោយរបស់សាធារណរដ្ឋប្រជាមានិតចិន តាមរយៈស្ថានទូតចិន ប្រចាំទីរាជធានីភ្នំពេញ ជូនដល់វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ។
ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងលោក Xiong Bo ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា។
ការប្រគល់សម្ភារនេះ ធ្វើឡើងតាមសំណើរបស់វិទ្យាស្ថាន ដែលបានស្នើទៅស្ថានទូតចិនប្រចាំកម្ពុជា ដើម្បីជួយសម្រួលដល់ដំណើរការរបស់វិទ្យាស្ថាន និងការរៀបចំវគ្គបណ្តុះបណ្តាលមន្រ្តីការទូត និងក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា បន្ទាប់ពីវិទ្យាស្ថានត្រូវបានដាក់សម្ពោធជាផ្លូវការក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅនេះ។
អំណោយរបស់ប្រទេសចិននៅពេលនេះ ចូលរួមចំណែកដល់ការធ្វើឲ្យគំនិតផ្ដួចផ្ដើមរបស់ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន មានចីរភាព និងពង្រឹងសមត្ថភាពដំណើរការរបស់វិទ្យាស្ថាន។
ការគាំទ្ររបស់ប្រទេសចិននេះ ឆ្លើយតបនឹងតម្រូវការរបស់វិទ្យាស្ថានក្នុងការពង្រឹងសមត្ថភាពអ្នកការទូតអាជីពរបស់កម្ពុជាលើផ្នែក ICT, Digital Economy និងការទូត ព្រមទាំងអនុញ្ញាតឲ្យវិទ្យាស្ថានពង្រឹងសកម្មភាពទំនាក់ទំនងសាធារណៈ និងសកម្មភាពបណ្ដុះបណ្ដាលស្ដីពី Communication Skill (បំនិនខាងគមនាគមន៍) ការថ្លែងជាសាធារណៈ និងភាសាបរទេស។
បើតាមក្រសួងការបរទេសអំណោយរបស់ប្រទេសចិននេះ គឺជាសក្ខីភាពនៃការគាំទ្ររបស់មិត្តចិន នៅក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសការអភិវឌ្ឍផ្នែកធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ។ ការគាំទ្រនេះ ចូលរួមចំណែកក្នុងការប្រារព្ធខួបលើកទី ៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន នៅឆ្នាំ២០១៨នេះ។
សូមបញ្ជាក់ថា បន្ទាប់ពីលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានចូលកាន់តំណែងជារដ្ឋមន្រ្តីថ្មី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅខែមេសា ឆ្នាំ២០១៦ លោកបានផ្តួចផ្តើមគំនិតឲ្យមានការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលអ្នកការទូតនេះឡើង។ គំនិតផ្តួចផ្តើមនេះ ត្រូវបានអនុម័តដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ការបង្កើតវិទ្យាស្ថាននេះ គឺជាផ្នែកដ៏សំខាន់នៃការធ្វើការកែទម្រង់ផ្ទៃក្នុង ក្រសួងការបរទស ក្នុងនោះមានការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រង របស់ក្រសួងឡើងវិញ ដើម្បីឲ្យក្រសួងអាចឆ្លើយតបទៅនឹងការត្រៀមលក្ខណៈសម្បត្តិថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យការបរទេស ដែលមានការប្រែប្រួលឥតឈប់ឈរ និងមិនអាចប្រមើលមើលជាមុនបានទាំងក្នុងតំបន់ និងពិភពលោក។
វិទ្យាស្ថាននេះ គឺជាស្ថាប័នបណ្តុះបណ្ដាលអ្នកការទូតដំបូងគេនៅក្នុងប្រវត្តិវិស័យការទូតរបស់ប្រទេសកម្ពុជា ហើយដែលត្រូវបានដាក់ឲ្យដំណើរការ ក្នុងរយៈពេលតែពីរឆ្នាំប៉ុណ្ណោះ។ គោលបំណងសំខាន់របស់វិទ្យាស្ថាន គឺកសាងសមត្ថភាពវិជ្ជាជីវៈក្នុងជួរមន្រ្តីការទូតកម្ពុជា ឲ្យក្លាយជាយុទ្ធជនដ៏មុតស្រួច ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការងារការទូតពិភពលោក ដែលមានលក្ខណៈកាន់តែស្មុគ្រស្មាញឡើង ជាពិសេសដើម្បីលើកកម្ពស់ភាពជាម្ចាស់ការ និងតួនាទីដ៏សំខាន់ និងសកម្មរបស់កម្ពុជាក្នុងកិច្ចការតំបន់ និងពិភពលោកដើម្បីបម្រើផលប្រយោជន៍ជាតិ ប្រជាជន និងកិត្យានុភាពជាតិ ដើម្បីឲ្យបានស្មើភាព និងស្មើសិទ្ធិនៅលើវេទិកាអន្តរជាតិ។
កាលពីទី១២ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ ឯកអគ្គរដ្ឋទូតចិន បានអញ្ជើញមកទស្សនិច្ចនៅវិទ្យាស្ថាន និងបានផ្តល់កិត្តិយសធ្វើជាវាគ្មិន នៃបាឋកថា ស្តីពីទំនាក់ទំនងកម្ពុជា-ចិន ជូនដល់មន្រ្តីក្រសួងការបរទេស និងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរ នៅក្នុងឱកាសខួបលើកទី៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន៕