(ភ្នំពេញ)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិលរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ នឹងធ្វើពិធីបង្ហាញពីការចូលរួមរបស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ដែលនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨សប្តាហ៍នេះ។
ពិធីនេះនឹងរៀបចំនៅមជ្ឈមណ្ឌលកោះពេជ្រ ដោយមានការធ្វើបទបង្ហាញមួយចំនួនពីសំណាក់លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងជាប្រធានគណៈកម្មការសម្របសម្រួលការងារអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦។
ពិធីនេះក៏នឹងបើកឲ្យមានការចោទសួរសំណួរផ្សេងៗពីក្រុមអ្នកព័ត៌មានផងដែរ។ សូមបញ្ជាក់ថា គ.ជ.ប នឹងបិទបញ្ចប់ការទទួលស្គាល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ស្អែកនេះហើយ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប ធ្លាប់បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ គ.ជ.ប បានទទួលអ្នកសង្កេតការណ៍អន្តរជាតិមកពី១៣ស្ថាប័ន/ប្រទេស ស្មើនឹង ៥៦នាក់ និងកំពុងពិនិត្យចំនួន ១៧នាក់ទៀត មកពី ៦ស្ថាប័ន ហើយចំនួននេះមិនទាន់បានបូកបញ្ចូលពីអ្នកសង្កេតការណ៍អន្តរជាតិ ដាក់ពាក្យនៅក្រសួងការបរទេស និងទីស្តីការគណៈរដ្ឋមន្ត្រីនៅឡើយនោះទេ។
សម្រាប់អ្នកសង្កេតការណ៍ជាតិវិញ គ.ជ.ប សម្រេចទទួលស្គាល់ប្រមាណ ៨ម៉ឺននាក់ មកពី ១០៧ស្ថាប័ន។ ទន្ទឹមនឹងនេះ គ.ជ.ប ក៏បាននិងកំពុងពិនិត្យលើពាក្យស្នើសុំរបស់អ្នកសង្កេតការណ៍ជាតិជាង ១,៤០០នាក់ថែមទៀត។
ក្រៅពីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិនេះ គ.ជ.ប ក៏បានបង្ហាញឲ្យដឹងថា មានទីភ្នាក់ងារសង្កេតការណ៍មកពីគណបក្សនយោបាយទាំង២០ ជិត ៨ម៉ឺននាក់បន្ថែមទៀត ក៏នឹងចូលរួមសង្កេតលើដំណើរការបោះឆ្នោតនេះផងដែរ។ តាមរយៈចំនួនអ្នកសង្កេតការណ៍ដ៏ច្រើនជាការធានាឲ្យឃើញពីតម្លាភាព ភាពត្រឹមត្រូវ និងយុត្តិធម៌នៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦នេះ។