(ភ្នំពេញ)៖ សាលារៀនខូលីងវូដភ្នំពេញ (CSPP) ដែលទើបបង្កើតបាន១ឆ្នាំ បានចាប់ផ្តើមលេចធ្លោលើគុណភាពអប់រំតាមរយៈគ្រូបង្រៀនល្បីៗ និងកម្មវិធីសិក្សាខុសប្លែកពីសាលាឯកជនដទៃទៀត។

នៅក្នុងពិធីចែកប័ណ្ណសរសើរ និងវិញ្ញាបនបត្របញ្ចប់ការសិក្សាជំនាន់ដំបូង សម្រាប់ឆ្នាំសិក្សា២០១៧-២០១៨ នៅថ្ងៃច័ន្ទនេះ លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ រាជធានីភ្នំពេញ ដែលបានចូលរួមក្នុងពិធីនោះ បានថ្លែងថា «ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាលារៀនខូលីងវូដ ក្នុងការចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យអប់រំរបស់យើង ព្រមទាំងបានយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងវិស័យ សីលធម៌ សុជីវធម៌ និងគុណធម៌សម្រាប់សិស្សានុសិស្សដែលសិក្សានៅសាលារៀននេះ»។

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានអបអរសាទរដល់សិស្សឆ្នើមទាំងអស់ ជាពិសេសសិស្សថ្នាក់ទី១២ ដែលទទួលបានជោគជ័យក្នុងការសិក្សា ដើម្បីត្រៀមខ្លួនបន្តការសិក្សានៅកម្រិតផ្សេងទៀត។

សាលារៀន CSPP ជាគ្រឹះស្ថានសិក្សាឯកជនដំបូងគេ ក្នុងរាជធានីភ្នំពេញ ដែលបង្រៀនតាមកម្មវិធីសិក្សាចំណះដឹងទូទៅ ពេញមួយថ្ងៃ ដើម្បីផ្តល់ចំណេះដឹងពិតៗដល់សិស្ស ដែលបង្រៀនដោយគ្រូល្បីៗ។

សាលារៀន CSPP មានអាសយដ្ឋានស្ថិតនៅអគារលេខ៥០ ផ្លូវលេខ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ចន្លោះផ្សារមាន់អាំង និងអង់តែនទួលគោក នៅជាប់អតីតមជ្ឈមណ្ឌលទួលគោក)៕