(ព្រះវិហារ)៖ លោក មាស សុភា បេក្ខភាពតំណាងរាស្ត្រពេញសិទ្ធិឈរឈ្មោះលំដាប់លេខរៀងទី១ របស់គណបក្សប្រជាជនកម្ពុជាមណ្ឌលព្រះវិហារ បានលើកឡើងថា ដរាបណាមានគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន នោះ ប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។
លោក មាស សុភា បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ក្នុងឱកាសដែលលោកដឹកនាំបេក្ខភាពតំណាងរាស្ត្រថ្មីជួបសំណេះសំណាលជា មួយសមាជិកគណបក្សប្រជាជនកម្ពុជា ប្រមាណ១,០០០នាក់ នៅក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ពិធីនេះដែរក៏មានការចូលរួមអមដំណើរដោយលោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ផងដែរ។
នៅក្នុងឱកាសនោះលោក មាស សុភា បានរំលឹកឡើងវិញ នូវរបបប្រលយ័ពូជសាសន៍៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែលប្រជាពលរដ្ឋខ្មែយើងបានឆ្លងកាត់នោះ គឺវេទនាខ្លាំងណាស់ ក្រៅពីការកាប់សម្លាប់ ដូចសត្វធាតុ និងធ្វើពលកម្មហួសកម្លាំងនោះ ប្រជាពលរដ្ឋយើងមិនមានអ្វី ជាកម្មសិទ្ធស្របច្បាប់របស់យើងនោះទេ កុំថា ឡើយផ្ទះសំបែង ដីស្រែចំការ សូម្បីតែចាន ឆ្នាំង ស្លាបព្រា ក៏មិនមែនជាកម្មសិទ្ធយើងដែរ។
លោកបានបញ្ជាក់ទៀតថា ប៉ុន្តែក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជាយើងមានការអភិវឌ្ឍឥតឈប់ឈរ មានសុខសន្តិភាពពេញផ្ទៃប្រទេស និងមានមុខ មានមាត់នៅលើឆាកអន្តរជាតិទៀតផង។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋត្រូវបន្តធ្វើការគាំទ្រគណបក្សប្រជាជនកម្ពុជាបន្តទៅទៀត ដោយអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
នៅក្នុងពិធីនោះដែរលោក អ៊ុន ចាន់ដា ក៏បានអាននូវការផ្សព្វផ្សាយសាររបស់សម្តេចតេជោ ហ៊ុន សែន ស្តីពីរគោលនយោបាយទាំង១១ចំណុចរ បស់គណបក្សប្រជាជនកម្ពុជា សម្រាប់យកទៅអនុវត្តនៅក្នុងរដ្ឋាភិបាលអាណត្តិទី៦ បើសិនជាគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត ហើយចំណុចទាំង១១នេះ បានផ្តល់នូវសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ៗរូប។
ជាមួយគ្នានោះលោក អ៊ុន ចាន់ដា ក៏បានអំពាវនាវឲ្យបងប្អូន អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីឲ្យសម្តេចតេជោ ហ៊ុន សែន ក្លាយជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសបន្តទៅទៀត៕