(បន្ទាយមានជ័យ)៖ នៅថ្ងៃអង្គារ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការ អ្នកតំណាងរាស្រ្ត និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ខេត្តបន្ទាយមានជ័យ អមដំណើរដោយក្រុមការងារថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក និងមូលដ្ឋាន បានអញ្ជើញជាអធិបតីពិធីសំណេះសំណាល ជាមួយមន្រ្តីបក្សពីសាខាបក្សគ្រប់មន្ទីរអង្គភាពជុំវិញបក្សខេត្តបន្ទាយមានជ័យជាង១៤០០នាក់ នៅមន្ទីរបក្សខេត្ត។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់បក្សរួមមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្ស, សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងប្រធានកិត្តិយសគណបក្ស។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងថា «គោលនយោបាយដើរលើផ្លូវត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ ប្រជាពលរដ្ឋរស់នៅយ៉ាងសុខសាន្តជាមួយ នឹងការរីកចម្រើនរបស់ប្រទេសជាតិលើគ្រប់វិស័យ ដែលផ្ទុយពីរបបអតីតកាលមានតែឈាមនិងទឹកភ្នែក»។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណ និងដឹងគុណដល់សមាជិក សមាជិកាទាំងអស់ នៃមហាគ្រួសារគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងសូមបន្តខិតខំផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋ ឲ្យបានល្អស្គាល់សុខទុក្ខរបស់ ប្រជាពលរដ្ឋ ឲ្យបានច្រើនអាចដោះស្រាយសភាពការទាន់ពេលវេលា និងច្បាស់លាស់ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ រួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានផ្តាំផ្ញើដល់សមាជិក សមាជិកាទាំងអស់ ត្រូវត្រៀមឯកសារជូនក្រុមគ្រួសារឲ្យបានរួចរាល់ និងអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ដើម្បីបន្តសន្តិភាព និងការអភិវឌ្ឍឆ្ពោះទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៅអាណត្តិទី៦ ទី៧ និងអាណត្តិក្រោយៗទៀត៕