(ភ្នំពេញ)៖ មន្ត្រីនគរបាលចរារណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា តារាចម្រៀង ដែលបើករថយន្តព្រូស ក្រោមស្ថានភាពស្រវឹងជោកជាំ បុករះរ៉ឺម៉កកង់បី បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ កាលពីយប់ថ្ងៃទី២១ ខែកក្កដា នៅខណ្ឌពោធិ៍សែនជ័យនោះ ត្រូវបានបញ្ជូនទៅដល់តុលាការហើយ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ។ នៅពេលនេះ ជនសង្ស័យកំពុងស្ថិតក្រោមការសាកសួររបស់ព្រះរាជអាជ្ញារង សេង ហៀង មុនសំណុំរឿងនេះត្រូវបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ ប៊ី ចាន់រ៉ាឌី អាយុ៣០ឆ្នាំ មុខរបរតារាចម្រៀង រស់នៅភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះមានឈ្មោះ ប៉េង ចាន់ណា អាយុ៣៥ឆ្នាំ មុខរបររត់រ៉ឺម៉កកង់បី រស់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
គួររំលឹកថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងរវាងរថយន្តរបស់ជនសង្ស័យម៉ាកព្រូស ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ2T-6522 បុករ៉ឺម៉កកង់៣ របស់ជនរងគ្រោះពាក់ស្លាកលេខ ភ្នំពេញ 1AE-6582 កាលពីវេលាម៉ោង១១៖៤០នាទីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាធានីភ្នំពេញ។
ហេតុការណ៍នេះបានបណ្តាលឲ្យរ៉ឺម៉កកង់៣ និងរថយន្តត្រូវរងការខូចខាត ចំណែកអ្នកបើកបររ៉ឺម៉កកង់៣ រងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមច្បាប់៕