(ភ្នំពេញ)៖ នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា នៅព្រឹកនេះរដ្ឋមន្ដ្រីក្រសួងធនធានទឹក លោក លឹម គានហោ បានបញ្ជាឲ្យមន្ដ្រីជំនាញធ្វើការជួសជុល ទំនប់សណ្ដស្ទឹងព្រែកត្នោតទាំងសងខាងក្នុងលក្ខណៈទ្រង់ទ្រាយធំឡើងវិញ។
បើតាមលោក ចាន់ យុត្ថា ការជួសជុលលក្ខណៈទ្រង់ទ្រាយធំនេះ បានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ជិត៥០គ្រឿង ដើម្បីឲ្យខ្នងទំបន់មានភាពរឹងមាំប្រសើរឡើង និងងាយស្រួលទប់ស្កាត់ការបែកធ្លាយ ឬមានការហូរច្រោះនៅពេលដែលទឹកអាចឡើងកម្ពស់នៅពេលណាជាយថាហេតុ។
អ្នកនាំពាក្យក្រសួងធនធានទឹករូបនេះ បានបញ្ជាក់ថា ប្រតិបត្តិការនេះជួសជុលទំនប់សណ្ដស្ទឹងព្រែកត្នោត ដែលមានប្រវែងប្រមាណ២០គីឡូម៉ែត្រ បានធ្វើឡើងដោយបែងចែកជា៥មុខព្រួញ នឹងបញ្ចប់ក្នុងរយៈពេលមួយថ្ងៃ ពីរថ្ងៃ ដើម្បីការពារក្រែងទឹកជន់ឡើង។
លោកបានបន្ដទៀតថា កាលពីពេលកន្លងទៅទំនប់សណ្ដនេះ គឺមានរន្ធនាគ ទើបធ្វើឲ្យមានការហូរច្រោះ តែក្រុមការងារជំនាញបានយកដីទៅបិទនោះ គ្រាន់តែជាការបិទបណ្ដោះអាសន្នប៉ុណ្ណោះ ដែលធ្វើឲ្យអាចមានបញ្ហានៅពេលទឹកឡើងខ្លាំង ព្រោះកន្លែងខ្លះខ្នងទំនប់ជ្រាយ ហើយកន្លែងខ្លះទឹកដក់ច្រើន ទើបលោករដ្ឋមន្ដ្រីបានបញ្ជាឲ្យមន្ដ្រីជំនាញជួសជុលឡើងវិញជាបន្ទាប់ ដោយមើលឃើញថា ខ្លាចអាកាសធាតុមានការប្រែប្រួល។
លោក ចាន់ យុត្ថា គូសបញ្ជាក់ថា ស្ថានភាពទឹកនៅស្ទឹងព្រែកត្នោត ក៏មានស្រកចុះដូច្នេះវាកាន់តែអំណោយផលឲ្យក្រុមការងារជំនាញងាយស្រួល បើកប្រតិបត្តិការនៅថ្ងៃនេះតែម្ដង។ ជារួមលោកបញ្ជាក់ថា ស្ថានភាពទឹកព្រែកត្នោតមិនមានអ្វីដែលត្រូវឲ្យព្រួយបារម្ភនោះទេ ពោលស្ថានភាពទឹកនៅធម្មតា៕