(ភ្នំពេញ)៖ អំឡុងពេលដែលសម្ដេចតេជោ ហ៊ុន សែន ខិតខំស្រោចស្រង់ និងដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជា ប្រជាពលរដ្ឋទូទាំងប្រទេសបានរួចផុតពីភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍ដ៏ខ្មៅងងឹត រហូតមានដីធ្វើស្រែចម្ការ អាហារបរិភោគគ្រប់គ្រាន់ សម្លៀកបំពាក់ស្អាតបាត មានរបស់ប្រើប្រាស់សម្បូរបែប ជីវភាពសម្បូរសប្បាយ ទទួលបានការការពារសុវត្ថិភាពគ្រប់ពេល មានការងារធ្វើ មានអ្វីៗសឹងគ្រប់បែបយ៉ាង ថែមទាំងបានរស់នៅយ៉ាងសុខសាន្តក្នុងសន្តិភាពទៀតផង។
ប៉ុន្តែរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅតែមិនស្កប់ស្កល់ក្នុងការផ្ដល់ជូនប្រជាពលរដ្ឋរបស់ខ្លួនឡើយ ពោលគឺនៅតែស្រេកឃ្លានចង់ឱ្យប្រជាពលរដ្ឋកាន់តែមានជីវភាពល្អប្រសើរជាងនេះ នៅតែស្រេកឃ្លានចង់ផ្ដល់នូវសេវាទំនុកបម្រុងគាំពារច្រើនជាងនេះដល់ប្រជាពលរដ្ឋ ពិសេសគឺស្ត្រីតែម្ដង។
តើស្ត្រី ពិសេសស្ត្រីមានផ្ទៃពោះ និងស្ត្រីដែលសម្រាលកូនរួច ទទួលបានអត្ថប្រយោជន៍អ្វីខ្លះពីរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជន? តើបុរសៗដែលជាឪពុក ជាស្វាមី ជាកូន រីករាយសាទរចំពោះគោលនយោបាយនេះដែរទេ?
ពិតប្រាកដណាស់ ស្ត្រីត្រូវបានចាត់ទុកថាជាមាតាពិភពលោក ដូច្នេះការគាំពារចំពោះស្ត្រី គឺរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង ជាក់ស្ដែងនៅចុងអាណត្តិទី៥ ដែលសម្ដេចតេជោ ហ៊ុន សែន ដឹកនាំរាជរដ្ឋាភិបាល ស្ត្រីក៏ដូចជាកម្មការិនីតែងទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ក្នុងនោះរួមមាន៖
១៖ សម្រាប់ស្ត្រីជាមន្ត្រីរាជការ កម្មការិនី ប្រជាពលរដ្ឋ ដែលសម្រាលបានកូនម្នាក់ទទួលបានប្រាក់ឧបត្ថម្ភពីសម្ដេចតេជោ ហ៊ុន សែន ផ្ទាល់ចំនួន ៤០ម៉ឺរៀល កូនភ្លោះ២នាក់ទទួលបាន៨០ម៉ឺនរៀល និងកូនភ្លោះ៣នាក់ទទួលបាន១លាន២០ម៉ឺនរៀល ហើយសម្រាប់កូនភ្លោះ៣នេះ ក៏ជាកូនរបស់សម្ដេចដែរ ដូច្នេះសម្ដេចតេជោនឹងឧបត្ថម្ភប្រាក់ដោយឡែកបន្ថែម៥លានរៀលទៀត រួមជាមួយអំណោយមួយចំនួនទៀតដែលសម្ដេចតេជោនឹងផ្ដល់ជូនជាបន្តបន្ទាប់។
២៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ កម្មការិនីមិនចាំបាច់បង់ប្រាប់របបសន្តិសុខសង្គមទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។
៣៖ បុគ្គលិក-កម្មករនិយោជិតក្រៅប្រព័ន្ធ (ក្នុងនោះក៏មានស្ត្រីដែរ) ដែលបានចុះបញ្ជីនៅ ប.ស.ស នឹងទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាល។ បុគ្គលិក និយោជិក កម្មករ មានប័ណ្ណមូលនិធិសមធម៌សុខាភិបាលទៅពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយមិនបង់លុយ។
៤៖ ចំពោះកម្មការិនីមានផ្ទៃពោះអាចឈប់សម្រាកមុនម៉ោងចេញពីធ្វើការ ៣០នាទី ឬលើសពីនេះ។ រដ្ឋក៏តម្រូវឱ្យគ្រប់រោងចក្រ សហគ្រាស ត្រូវបង្កើតមណ្ឌលសុខភាព និងត្រូវមានគ្រូពេទ្យប្រចាំការផងដែរ។ ចំពោះកម្មការិនីដែលត្រូវការបំបៅកូន រដ្ឋក៏ឱ្យគ្រប់រោងចក្រ សហគ្រាស បង្កើតបន្ទប់សមរម្យមួយដែលមានផាសុកភាព សម្រាប់ឱ្យកម្មការិនីជាម្ដាយអាចបំបៅកូនបានថែមទៀត។
៥៖ កម្មការិនីដែលជាសមាជិក ប.ស.ស នៅពេលទៅសម្រាលកូននៅមន្ទីរពេទ្យ នៅតែទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ រយៈពេល៩០ថ្ងៃ ចំនួន៧០% និងទទួលបានប្រាក់ឈ្នួលពីនិយោជក ៥០% សរុបចំនួន ១២០%។
៦៖ កម្មករនិយោជិតទទួលបាននូវរបបហានិភ័យការងារ របបថែទាំសុខភាព ហើយនៅឆ្នាំ២០១៩ ខាងមុខនេះ កម្មករនិយោជិតនឹងទទួលបានរបបសោធននិវត្តន៍ (រឺត្រែត) ដូចទៅនឹងមន្ត្រីរាជការថែមទៀតផង។
៧៖ រាជរដ្ឋាភិបាលកម្ពុជា ក៏ដាក់ចេញនូវគោលនយោបាយគាំពារសង្គម សម្រាប់ស្ដ្រីជាកងកម្លាំងប្រដាប់អាវុធ និងក្របខ័ណ្ឌមន្ដ្រីរាជការស៊ីវិល នៅពេលឆ្លងទន្លេទទួលបានការឧបត្ថម្ភថវិកាចំនួន ៨០ម៉ឺនរៀល។
ប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ក៏នៅតែក្រើនរំឭកដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាបេឡាជាតិរបបសន្តិសុខសង្គម ត្រូវយកចិត្តទុកដាក់តាមដាន និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនលើការងារខាងលើនេះ ដើម្បីផ្ដល់នូវតម្លាភាពជូនស្ត្រីជាមន្ត្រី ប្រជាពលរដ្ឋ ក៏ដូចជាកម្មការិនីទូទាំងប្រទេសផងដែរ។
លើសពីនេះ រាជរដ្ឋាភិបាលក៏បានអនុញ្ញាតឱ្យកម្មករ កីឡាករ ដែលក្នុងនោះក៏មានកម្មការិនី កីឡាកានិរីមានផ្ទៃពោះផងដែរនោះ ជិះរថយន្តក្រុងរបស់រដ្ឋដែលចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដោយមិនបង់ថ្លៃឡើយ។
គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាជាង ៩ពាន់៨រយលានរៀល (ជិត២.៥លានដុល្លារអាមេរិក) ឧបត្ថម្ភដល់កម្មការិនីដែលសម្រាលកូនជាង ២ម៉ឺន៤ពាន់នាក់ និងសម្រាលកូនបានជិត ២ម៉ឺន៥ពាន់នាក់។
ទោះបីបានផ្ដល់នូវសេវាថែទាំ គាំពារ និងការឧបត្ថម្ភជារឿយៗយ៉ាងនេះក្ដី ក៏រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានេះ នៅតែបន្តយកចិត្តទុកដាក់ចំពោះស្ត្រីជាហូរហែទៅមុខទៀត ពិសេសក្នុងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសក្នុងពេលបើកយុទ្ធនាការឃោសនាបោះឆ្នោតកន្លងទៅនោះ ក៏មានបង្ហាញពីការយកចិត្តទុកដាក់ចំពោះស្ត្រីនៅអាណត្តិក្រោយទៀតផងដែរ។
ហេតុដូច្នេះ ការសម្រេចចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិក្រោយទៀត គឺបងប្អូនស្ត្រីនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់៕