(កណ្តាល)៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល លោក ងួន វុទ្ធី បានចេញដីកាសម្រេចបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ ជនជាប់ចោទ៣នាក់ ក្នុងនោះមានម្នាក់ជាអនុប្រធានភូមិព្រែកជ្រៅ ដែលបានក្លែងឯកសារសាធារណៈដើម្បីរំលោភយកដីផ្លូវរបស់អ្នកភូមិព្រែកជ្រៅ ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល។

បើតាមមន្ដ្រីតុលាការខេត្តកណ្ដាល ថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា តុលាការសម្រេចឃុំខ្លួន ជនជាប់ចោទទាំង៣នាក់ ដាក់ពន្ធនាគារម្នាក់ៗ៦ឆ្នាំ និងសងជំងឺចិត្តទៅជនរងគ្រោះចំនួន២០លានរៀល។ ការសម្រេចបែបនេះ ក្រោយពីធ្វើការសាកសួរ ទៅលើជនជាប់ចោទ​ម្នាក់ដែលតុលាការបានឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារខេត្តកណ្តាលនោះ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនជាប់ចោទទាំង៣នាក់ ​ទី១៖ឈ្មោះ ជួប ផាត ភេទប្រុស អាយុ៤៧ឆ្នាំ, ទី២៖ឈ្មោះ អ៊ឹម​ សារឿន ភេទស្រី អាយុ៥០ឆ្នាំ អ្នកទាំងពីរជាប្តីប្រពន្ធ​និងគ្នា រស់នៅក្នុងភូមិព្រែកជ្រៅ ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល និងទី៣៖ឈ្មោះ គង់ ដួង ភេទប្រុស អាយុ៥៩ឆ្នាំ ជាអនុប្រធានភូមិ រស់នៅក្នុងភូមិព្រែកជ្រៃ ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល។

បើយោងតាមកំណត់ហេតុរបស់​តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល បានអោយដឹងថា កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ ដោយមានលោក ឆាយ លីហ៊ាង ជាក្រឡាបញ្ជីអមផងដែរ បានសាកសួរលម្អិតទៅលើឈ្មោះ អ៊ឹម សារឿន ហើយជនសង្ស័យបានសារភាពថាខ្លួន បានឲ្យលុយទៅឈ្មោះ គង់ ដួង ចំនួន២០ដុល្លារ ដើម្បីឲ្យគាត់ជួយចេញលិខិតបញ្ជាក់លើកម្មសិទ្ធិដីធ្លី។

កំណត់ហេតុបានបន្តថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១១ លោក គង់ ដួង ដែលខ្លួន​មានតួនាទីជាអនុប្រធានភូមិព្រែកជ្រៅ បានចេញលិខិតបញ្ជាក់ដីធ្លីមួយកន្លែង ដោយក្លែងស្នាមមេដៃ របស់សាក្សីឈ្មោះ អាន ចាន់ថុល និងឈ្មោះ ប៊ូ គីម។ ម្យ៉ាងវិញទៀត លោក គង់ ដួង ជាអនុប្រធានភូមិ បានក្លែងខ្លួនជាមេភូមិ ចុះហត្ថលេខា លើកកម្មសិទ្ធិដីធ្លី ដែលជាបទល្មើសក្លែងឯកសារសាធារណៈ តាមមាត្រា​៤៤ និងមាត្រា១២៤ នៃក្រមព្រហ្មទណ្ឌ។

នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ សាលាដំបូងខេត្តកណ្តាល បានបើកជំនុំជម្រះរឿងក្តីនេះ ដើម្បីរកយុត្តិធម៌ជូនទៅជនរងគ្រោះ ដែលមានលោក ងួន វុទ្ធី ជាចៅក្រមជំនុំជម្រះ និងលោក សាយ សម្ភស្សសេរី ជាតំណាងអយ្យការ បានសួរដេញដោល រួចចោទប្រកាន់ ទៅជនសង្ស័យទាំង៣នាក់ថា ក្លែងឯកសារសាធារណៈ ទើបលោក ងួន វុទ្ធី សម្រេចផ្ដន្ទាទោសឈ្មោះ ជួប ផាត ដាក់ ពន្ធនាគារ៦ឆ្នាំ ។ចំណែក២នាក់ទៀត ឈ្មោះ អ៊ឹម សារឿន និងឈ្មោះ គង់ ដួង ត្រូវបានកាត់ទោសកំបាំងមុខ ដាក់ពន្ធនាគារម្នាក់ៗ៦ឆ្នាំដូចគ្នា និងតម្រូវឲ្យរួមគ្នាសងជំងឺចិត្ត ដល់ជនរងគ្រោះ២០លានរៀល។

គួរបញ្ជាក់ថា ជនជាប់ចោទទាំង៣នាក់ខាងលើបាន រួមគំនិតគ្នាក្លែងឯកសារសាធារណៈ រំលោភយកដីផ្លូវ​ចូលទៅកាន់ផ្ទះប្រជាពលរដ្ឋភូមិខាងលើ ដោយរំកិលផ្ទះជាន់ទៅលើដីផ្លូវ ក្នុងគោលបំណងរំលោភយកដីផ្លូវសាធារណៈធ្វើជាដីកម្មសិទ្ធិរបស់ខ្លួន៕