(ភ្នំពេញ)៖ កម្ពុជានឹងនាំចូលអំបិលមកពីប្រទេសចិន ប្រមាណ៣ម៉ឺនតោន ដើម្បីមកផ្គត់ផ្គង់លើទីផ្សារ ដែលការនាំចូលនេះគ្រោងនឹងធ្វើឡើង នៅដើមខែតុលា ឆ្នាំ២០១៨ខាងមុខ។

ការសម្រេចនាំចូលអំបិលពីចិននេះ បណ្ដាលមកពីកម្ពុជាកំពុងប្រឈមការខ្វះខាតអំបិលផ្គត់ផ្គង់តម្រូវការ ដោយសារការផលិតអំបិល មិនទទួលបានផលព្រោះតែបញ្ហាអាកាសធាតុ មានភ្លៀងធ្លាក់ច្រើនពេក។

អ្នកផលិតអំពិលបានបញ្ជាក់ថា ការប្រឈមនឹងការអត់អំបិលប្រើប្រាស់ក្នុងឆ្នាំនេះ បណ្ដាលមកពីសមាគមផលិតអំបិល មិនអាចផលិតបាន ដោយសារតែឆ្នាំនេះ អាកាសធាតុប្រែប្រួលពោលគឺមេឃភ្លៀងធ្លាក់រហូត​​ដែលធ្វើឲ្យ ការផលិតអំបិលមិនបាន។

លោក ប៊ុន បារាំង សហ​ប្រធានសមាគម​ផលិត​អំបិល​ប្រចាំ​ខេត្ត​កំពត បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងថា «ខែតុលា ឆ្នាំ​២០១៨នេះ កម្ពុជានឹងនាំអំបិល ពីប្រទេសចិនប្រមាណ​៣ម៉ឺនតោន ដើម្បីផ្គត់ផ្គង់ក្នុងប្រទេស ប៉ុន្ដែប្រសិនបើកម្ពុជានៅតែខ្វះខាត និងផលិតអំបិលមិន​ទាន់​បាននោះទេ យើងក៏គ្រោងនឹងបន្ដយកបន្ថែមទៀត»

លោកបានបន្ដទៀតថា ចំពោះបរិមាណដែលនឹងគ្រោងនាំចូល ប្រមាណ៣ម៉ឺនតោននេះ នឹងអាចផ្គត់ផ្គង់គ្រប់គ្រាន់ រហូតដល់ពេលផលិតអំបិល នៅចុង​ឆ្នាំនេះពោលគឺខែធ្នូ ប៉ុន្ដែប្រសិនបើមិនគ្រប់នឹងបន្ដនាំចូលពីបណ្ដាប្រទេសផ្សេងៗទៀត។ បច្ចុប្បន្ននេះ សមាគមបានកំពុងពិភាក្សា និងស្វះស្វែង​រក​២-៣ប្រទេសទៀតដែរ ពោលឲ្យតែប្រទេសណាមានតម្លៃធូរ សមាគមនឹងនាំយកមកផ្គត់ផ្គងនៅកម្ពុជា។

លោកបន្ដទៀតថា បច្ចុប្បន្ននេះអំបិលក្នុងស្ដុក មានប្រមាណ២ម៉ឺនតោន ដែលបរិមាណនេះអាចផ្គត់ផ្គង់រហូតដល់ ខែតុលា។ រហូតមកដល់​ពេលនេះ​សមាគមមិនទាន់បាន ដាក់ការស្នើទៅ​សុំ​គោលការណ៍​ពី​រាជរដ្ឋាភិបាល ក្នុងការនាំចូលអំបិលនៅឡើយទេ ព្រោះដោយសារតែ ឥឡូវនេះស្ថិតក្នុង​ពេល​កំពុងរៀបចំការ​បោះឆ្នោត តែបន្ទាប់ពីបោះឆ្នោតរួចសមាគមនឹងដាក់ស្នើទៅរាជរដ្ឋាភិបាល។

សូមរំលឹកថា ជារៀង​រាល់​ឆ្នាំការ​ផលិត និង​ប្រមូល​ផល​អំបិល ​ក្នុង​ខេត្ត​កែប​ និង​កំពត ធ្វើ​ឡើង​ចាប់ពីខែកញ្ញា ​រហូត​ដល់​ខែ​មេសា​។ សម្រាប់​ទិន្នផល​អំបិលថា​តើ​ទទួល​បាន​ខ្ពស់ ឬ​ទាប វា​អា​ស្រ័​យទាំង​ស្រុង​ទៅលើអាកាសធាតុ ប្រសិនបើមាន​ភ្លៀងធ្លាក់ច្រើន នោះអំបិលនឹង​មិន​ទទួលបានទិន្នផលខ្ពស់​ឡើយ។

សូមបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលកម្ពុជាប្រឈមនឹងការខ្វះខាតអំបិល ពោលកាលពីឆ្នាំ២០០៨ កម្ពុជាធ្លាប់ជួបបញ្ហានេះ​ម្ដងដែរ។ ដោយឡែក​ក្នុងឆ្នាំ​២០១៦ កម្ពុជាផលិតអំបិលបានប្រមាណ១៤ម៉ឺនតោន ដែលបរិមាណនេះ​លើសតម្រូវការប្រើប្រាស់។ ជាទូទៅបរិមាណដែលផ្គត់ផ្គង់គ្រប់គ្រាន់​តែ១០ម៉ឺនតោនប៉ុណ្ណោះ ប៉ុន្ដែសម្រាប់ឆ្នាំ២០១៧-២០១៨វិញ ទិន្នផលអំបិលធ្លាក់ចុះ ដោយសារតែកត្តាអាកាសធាតុ និងត្រូវតែនាំចូលអំបិល​ពីបណ្ដា​ប្រទេសផ្សេងៗ៕​