(កោះកុង)​៖ ស្ថិតក្នុងស្ថានភាពជំនន់ទឹកភ្លៀងដែលកំពុងបង្កឲ្យមានផលប៉ះពាល់នៅតាមបណ្តាខេត្តមួយចំនួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់​អំណោយ​មនុស្ស​ធម៌​ដើម្បី​សម្រាល​ទុក្ខ​លំបាក​គ្រួសារ​រងគ្រោះដោយសារជំនន់ទឹកភ្លៀងសរុបចំនួន ៤៧៤គ្រួសារ មកពីភូមិចំនួន ១១ នៃឃុំទាំង ៦ របស់ស្រុកកោះកុង ស្រុកមណ្ឌលសីមា ស្រុកថ្មបាំង និងស្រុកស្រែអំបិល ខេត្តកោះកុង។

ក្នុងពិធីចែកអំណោយមនុស្សធម៌នោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលសម្តេចតែងតែបានគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក ជនរងគ្រោះ និងជនងាយរងគ្រោះគ្រប់ប្រភេទ ។ ក្នុងឱកាសនោះដែរ លោកស្រី អគ្គលេខាធិការ បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាថែទាំសុខភាពឱ្យបានល្អ ត្រូវរស់នៅស្អាត ពិសាទឹកឆ្អិន និងគេងក្នុងមុងជានិច្ច សូមជួយមើលថែទាំចាស់ជរា និងកូនតូចៗឱ្យបានល្អជៀសវាងគ្រោះថ្នាក់ដោយយថាហេតុណាមួយកើតឡើងក្នុងពេលដែលមានគ្រោះទឹកជំនន់នេះ ជាពិសេសសូមឲ្យក្មួយៗជាយុវជនត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង និងត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ចរាល់ពេលធ្វើដំណើរទៅទីជិត ឬឆ្ងាយ សូមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។

គ្រួសារដែលទទួលបានអំណោយមនុស្សធម៌បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានគិតគូរ មានក្តីមេត្តា ករុណា និងទឹកចិត្តសប្បុរស ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលាដោយមិនប្រកាន់ជាតិសាសន៍ ឬនិន្នាការនយោបាយ ។

បន្ទាប់ពីបានបញ្ចប់ការចែកអំណោយតាមគោលដៅចំនួន ៤ នៃស្រុកខាងលើរួចមក លោកស្រី អគ្គលេខាធិការ បានបន្តដំណើរតាមទូកទៅសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយរលំផ្ទះទាំងស្រុងចំនួន ៣គ្រួសារទៀត នៅតាមព្រែកស្រែអំបិល ក្នុងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

សូមបញ្ជាក់ដែរថា អំណោយដែលត្រូវផ្តល់ជូននៅពេលនេះ ក្នុងគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង និងថវិកាមួយចំនួន៕