(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ក្រៅពីបន្ដរក្សាសន្ដិភាព ស្ថិរភាពនយោបាយហើយនោះ ក៏មិនបានរុញរាឡើយដោយពីមួយអាណត្តិ ទៅមួយអាណត្តិ រាជរដ្ឋាភិបាលតែងតែខិតខំប្រឹងប្រែកសាងនូវហេដ្ឋារចនាសម្ព័ន្ធ គ្រប់ប្រភេទ និងកែប្រែជីវភាពប្រជាពលរដ្ឋ តាមគ្រប់រូបភាពទាំងអស់។
បើយើងក្រឡែកមកមើលជ្រុងមួយ ក្នុងចំណោមសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃនោះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់កាដូធំៗជូនរួមជាតិ ដោយបានប្រកាសទិញស្ពាន និងផ្លូវសំខាន់ៗមួយចំនួន ដែលវិនិយោគដោយក្រុមហ៊ុនឯកជន មកគ្រប់គ្រងជារបស់រដ្ឋវិញ។
កាដូធំៗដែលប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ផ្ដល់ជូនជនរួមជាតិនោះរួមមាន៖ ស្ពានព្រែកព្នៅ, ស្ពានកោះកុង, ផ្លូវជាតិលេខ៤, ផ្លូវសូឡា, ផ្លូវវេងស្រេង, ផ្លូវឡើងទៅកាន់ភ្នំបូកគោ (មិនឲ្យបង់ប្រាក់ទៀត) ។ល។ ដែលគោលនយោបាយទាំងនេះ ដើម្បីចូលរួមចំណែកយ៉ាងខ្លាំងលើចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ខ្លួន។
សម្ដេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានគូសបញ្ជាក់ថា កាលដែលរាជរដ្ឋាភិបាលសម្រេចទិញស្ពាន និងផ្លូវពីក្រុមហ៊ុនឯកជនមកគ្រប់គ្រងវិញ ដោយសារតែមើលឃើញនូវ តម្រូវការដ៏ចាំបាច់របស់ប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ ហើយការសម្រេចដ៏ធំធេងនេះ រាជរដ្ឋាភិបាល បានចំណាយលុយរាប់លានដុល្លារអាមេរិក។
សមិទ្ធផលដ៏ធំសម្បើមដែលតែងលេចចេញជារូបរាងបន្ដបន្ទាប់ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតម្កល់ប្រយោជន៍ជាតិជាធំរូបនេះ ត្រូវបានទទួលការសាទរយ៉ាងខ្លាំងពីប្រជាពលរដ្ឋគ្រប់មជ្ឈមដ្ឋាន គ្រប់ស្រទាប់វណ្ណៈ ដោយអ្នកខ្លះបានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន ហ៊ានថា គឺហ៊ានធ្វើ ដើម្បីប្រជាជនរបស់សម្ដេច។
សូមជម្រាបថា ផ្លូវ២០០៤ និងផ្លូវ៣៧១ ដែលវិនិយោគដោយ ក្រុមហ៊ុន សឡាអ៉ិនវេសមិនគ្រុប ត្រូវបានបញ្ឈប់ឲ្យយកម្រៃសេវាលើរថយន្ត ធ្វើចរាចរណ៍ ឆ្លងកាត់ មកដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋវិញ កាលពីចុងខែឧសភា ឆ្នាំ២០១៥។
ដោយឡែក កាលពីចុងឆ្នាំ២០១៥កន្លងទៅ ផ្លូវវេងស្រេង ត្រូវបានដកហូតមកគ្រប់គ្រង ដោយរដ្ឋាភិបាលកម្ពុជាវិញ ដែលប្រជាពលរដ្ឋទាំងអស់ធ្វើដំណើរក៏មិនត្រូវបង់ប្រាក់ ហើយរដ្ឋាភិបាល និងទទួលខុសត្រូវ ទូទាត់សំណងទាំងអស់ប្រមាណ ជាង១០លានដុល្លារ ទៅក្រុមហ៊ុនដែលទទួលសិទ្ធិគ្រប់គ្រង និងជូសជុលផ្លូវនោះផងដែរ។
ផ្លូវជាតិលេខ៤ ដែលវិនិយោគដោយក្រុមហ៊ុន AZ Distribution Co,Ltd ត្រូវបានដកហូតមកវិញ ឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ ដោយចាំបាច់បង់ប្រាក់ ចាប់តាំងពីម៉ោង១២យប់ ឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦។
ដោយឡែក ស្ពាន និងផ្លូវលីយ៉ុងផាត់ព្រែកព្នៅ ត្រូវបានរាជរដ្ឋាភិបាលដកហូត មកគ្រប់គ្រងវិញនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ ហើយប្រជាពលរដ្ឋធ្វើដំណើរដោយមិនបាច់បង់ថ្លៃ ចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧។
ស្ពានឆ្លងកាត់ដៃសមុទ្រខេត្តកោះកុង ទៅប្រទេសថៃ ដែលវិនិយោគដោយ ក្រុមហ៊ុន លី យ៉ុងផាត់ ត្រូវបានរាជរដ្ឋាភិបាលទិញត្រឡប់មកវិញ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ដោយពុំចាំបាច់បង់ថ្លៃ ចាប់ពីម៉ោង០០៖០០នាទី ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីអបអរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអុំបុក។
យ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា និងជាបេក្ខភាពនាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសប្តូរផ្តាច់ដឹកនាំស្ថាប័ន នីតិប្រតិបត្តិរបស់ជាតិ និងធានាអនុវត្តសម្រេចឲ្យបានជោគជ័យនូវកម្មវិធីនយោបាយ និងគោលដៅធំៗជាយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ដែលបានដាក់ចេញ ប្រសិនបើគណបក្សប្រជាជនកម្ពុជាបន្តឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាលនៅអាណត្តិទី៦។
ដូច្នេះសូមប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវនាំគ្នាទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះឲ្យបានគ្រប់ៗ៕
(ផ្លូវវេងស្រេង)
(ផ្លូវជាតិលេខ៤)
(ស្ពានព្រែកព្នៅ)
(ស្ពានកោះកុង)
(ស្ពានកោះកុង)
(រមណីយដ្ឋានឋានសួគ៌បូកគោ)
(ស្ពានព្រែកព្នៅ)