(ភ្នំពេញ)៖ រថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ត្រូវបានបង្វែរទៅដឹកទឹកស្អាត ចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ក្នុងភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកក្កដានេះ។
បណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ថ្លែងថា «ទឹកជំនន់បានជន់លិចទាំងពាង សម្រាប់រក្សាទឹករបស់ប្រជាពលរដ្ឋ ដែលធ្វើឲ្យពួកគាត់មួយចំនួនគ្មានទឹកស្អាតបរិភោគ និងប្រើប្រាស់។ ក្រុមហ៊ុនពិតជាសប្បាយចិត្ត ដែលបានចូលរួមចែកចាយទឹកស្អាត ទៅដល់អ្នកដែលត្រូវការទឹកជាចាំបាច់»។
រថយន្តពន្លត់អគ្គីភ័យ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានដឹកទឹកដាក់តាមធុង ឬពាង ដែលនៅសេសសល់ ពីការជន់លិចនេះ ដើម្បីឲ្យប្រជាពលរដ្ឋចែកចាយគ្នាប្រើប្រាស់បន្ត។ រថយន្តពន្លត់អគ្គីភ័យនេះ ចូលរួមពន្លត់អគ្គីភ័យជាសាធារណៈដោយអត់គិតថ្លៃ។ ប៉ុន្តែកាលពីឆ្នាំ២០១៦ រថយន្តនេះក៏ត្រូវបានបង្វែរមកដឹកទឹកស្អាត ជូនប្រជាពលរដ្ឋ ក្នុងខេត្តកំពត និងខេត្តកំពង់ស្ពឺដែរ ពេលគ្រោះរាំងស្ងួតដ៏ធំមួយ បានគ្របដណ្ដប់ប្រទេសកម្ពុជា ៕