(បន្ទាយមានជ័យ)៖ អតីតអនុប្រធានគណបក្សខ្មែររួបរួមជាតិ លោក ខាន់ សាវឿន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានស្នើដល់គណបក្សខ្មែររួបរួមជាតិ ដែលមានលោក ញឹក ប៊ុនឆៃ ជាប្រធាននោះ ឲ្យដករូបថតរបស់លោកចេញពីស្លាកគណបក្សខ្មែររួបរួមជាតិ ព្រោះលោកបានបញ្ចប់ជីវភាពនយោបាយពីគណបក្សខ្មែររួបរួមជាតិជាយូរមកហើយ ដោយបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ការស្នើនេះបន្ទាប់ពីលោក ខាន់ សាវឿន ដែលចាកចេញពីគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ នៅតែឃើញបក្សនេះប្រើប្រាស់រូបថតរបស់លោកនៅលើស្លាកបក្សជាមួយប្រធាន (លោក ញឹក ប៊ុនឆៃ) និងអនុប្រធាន (លោក ទា ចំរ៉ាត់) នៅខេត្តបន្ទាយមានជ័យ។
លោក ខាន់ សាវឿន បានបញ្ជាក់ថា ដើម្បីកុំឲ្យមានការយល់ច្រឡំខ្ញុំស្នើឲ្យគណបក្សខ្មែររួបរួមជាតិ ដករូបខ្ញុំចេញពីស្លាកគណបក្សនេះ ព្រោះខ្ញុំបានចាកចេញមករួ់មរស់ជាមួយគណបក្សប្រជាជនកម្ពុជាយូរខែដែរមកហើយ។
សូមជម្រាបថា មេទ័ពសំខាន់ៗរបស់ហ៊្វុនស៉ិនប៉ិចមាន៣នាក់ គឺលោក សេរី កុសល, លោក ខាន់ សាវឿន និងលោក ញឹក ប៊ុនឆៃ ប៉ុន្តែពេលនេះ មានមេទ័ព២រូប គឺលោក សេរី កុសល និងលោក ខាន់ សាវឿន បានមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ស្របតាមនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន។ នៅសល់តែលោក ញឹក ប៊ុនឆៃ មួយប៉ុណ្ណោះដែលបង្កើតបក្សនយោបាយដោយខ្លួនឯងគឺបក្សខ្មែររួបរួមជាតិ៕