(ព្រះសីហនុ)៖ ខណៈអ្នកវិនិយោគ និងជនជាតិចិន មានការកើនឡើងកាន់តែច្រើននៅខេត្ដព្រះសីហនុ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយលោក យន្ដ មីន បានជួបពិភាក្សាការងារពង្រឹងបញ្ហាសន្ដិសុខ ជាមួយភារៈធារីនៃស្ថានទូតចិនប្រចាំកម្ពុជា ដឹកនាំដោយលោក ជា លី។

ថ្លែងក្នុងឱកាសនោះ លោក ជា លី ភារៈធារី នៃស្ថានទូតចិន បានកោតសរសើរថា អភិបាលខេត្តព្រះសីហនុ បានដឹកនាំអភិវឌ្ឍន៍ខេត្ត ឲ្យមានការប្រែប្រួលរីកចម្រើន​លឿនគួរឲ្យកត់សំគាល់ ហើយថ្មីៗនេះវត្តមានអាគារខ្ពស់ៗ បាននិងកំពុងរីកព្រោងព្រាតនៅក្នុងក្រុងព្រះសីហនុ ហើយក្នុងនាមស្ថានទូតចិន និងប្រទេសចិន សូមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្តេជ្ញាជំរុញឲ្យ​មានការអភិវឌ្ឍថែមទៀត លើវិស័យវិនិយោគ និងសន្តិសុខផងដែរ។

លោក​បានបញ្ជាក់ថា ប្រសិនបើមានជនជាតិចិនណាបានមកបង្កបញ្ហានៅខេត្តព្រះសីហុ សូមអាជ្ញាធរខេត្តព្រះសីហនុ ជួយផ្តល់ដំណឹងទៅស្ថានទូតផង ដើម្បីជួយសហការដោះស្រាយ ធ្វើយ៉ាងណាឲ្យសាធារណៈជនទូទៅ អាចផ្តល់សេចក្តីទុកចិត្តបាន ហើយតាមរយៈទំនាក់ទំនងល្អរវាងកម្ពុជា និងចិន ដែលមានស្រាប់ភាគីទាំងពីរ គឺជាមិត្តល្អជាមួយគ្នាជានិច្ច។

ជាការឆ្លើយតប លោក យន្ត មីន អភិបាល​ខេត្តព្រះសីហនុ បានបញ្ជាក់ថា ខេត្តព្រះសីហនុ ស្វាគមន៍អ្នកវិនិយោគ និងទេសចរណ៍គ្រប់សញ្ជាតិ ដោយមិនកាន់ថាសាសន៍ឡើយ។ ក្នុងនាមថ្នាក់ដឹកនាំខេត្ត លោក​បញ្ជាក់ថា សូមធានាចំពោះសន្តិសុខ សុវត្ថិភាពជូន ទាំងពលរដ្ឋខ្មែរ អ្នកវិនិយោគ និងភ្ញៀវទេសចរ គ្រប់ជាតិសាសន៍​។

បើតាមលោកអភិបាលខេត្ត ខេត្តព្រះសីហនុ មានសមត្ថភាបគ្រប់គ្រាន់ ក្នុងការការពារទប់ស្កាត់ ដើម្បីបុព្វហេតុសន្តិសុខ សុវត្ថិភាព សូមកុំមានការព្រួយបារម្ភ។

គួររំលឹកថា កន្លងមក​អភិបាលខេត្តព្រះសីហនុ ​ក៏​បញ្ជាក់ផងដែរថា មិនអនុញ្ញាតឲ្យជនបរទេស​ណាម្នាក់ មកធ្វើស្តេចក្រាញ់នៅខេត្តព្រះសីហនុឡើយ ព្រោះកម្ពុជាមានច្បាប់ ជនណាដែលប្រព្រឹត្តខុសច្បាប់កម្ពុជា ត្រូវតែមានចាត់ការដោយយកច្បាប់ជាគោល។

សូមជម្រាបថា ​ក្រៅពីជំនួជាមួយភារៈធារីនៃទូតចិន, អភិបាលខេត្តព្រះសីហនុ ក៏បានជួបពិភាក្សាជាមួយប្រតិភូសភាប្រជាជនក្រុងណាននីង នៃប្រទេសចិន មួយផ្សេងទៀត នាសៀលថ្ងៃដដែលនេះ ដែលដឹកនាំដោយ លោក Liu Xoing អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនក្រុងណាននីង។

លោក Liu Xoing បានឲ្យដឹងថា គោលបំណងសំខាន់ជំនួបនេះ គឺជម្រាបជូនដំណឹងអំពីដំណើរការ នៃការសាង់សង់សួនច្បារមិត្តភាព ព្រះសីហនុ-ណាននីង នៅទីក្រុងណាននីង ប្រទេសចិន និងការផ្តល់អាហារូនករណ៍សម្រាប់សិស្ស និស្សិត នៃប្រទេសសមាជិកអាស៊ាន ព្រមទាំងការគោរពអញ្ជើញ អភិបាលខេត្តព្រះសីហនុ ចូលរួមក្នុងកម្មវិធីពិពរណ៍ចិន-អាស៊ាន (China-Asean Expo) និងពិពរណ៌សួនច្បារអន្តរជាតិ (Garden Expo) នៅទីក្រុងណាននីង នៅខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ៕