(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ម៉ូតូ ដែលជាអំណោយរបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់នីមួយៗទាំង៨១ ឃុំ សង្កាត់ ក្នុងខេត្តកំពង់ធំ នៅស្នងការដ្ឋាននគរបាលខេត្ត។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត បានថ្លែងអំណរគុណដល់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលតែងតែយកចិត្តក្នុងការផ្តល់ជាសម្ភារៈសម្រាប់យកទៅប្រើប្រាស់បម្រើប្រជាពលរដ្ឋជាសាធារណៈ ហើយនេះជាលើកទី៤ហើយ ដែលក្រសួងមហាផ្ទៃ បានប្រគល់របបម៉ូតូបន្ថែម ពីលើរបបសាំង និងថវិកាប្រចាំត្រីមាស ដែលក្រសួងបានផ្ដល់ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ នៅទូទាំងប្រទេស ក៏ដូចជាក្នុងខេត្តកំពង់ធំ សម្រាប់បម្រើឲ្យកិច្ចប្រតិបត្តិការរក្សាសន្តិសុខជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះលោកស្នងការនគរបាលខេត្តបានធ្វើការជំរុញឲ្យកងកម្លាំងនគរបាលទាំងអស់ ត្រូវយកចិត្តទុកដាក់បង្រ្កាបបទល្មើស​ផ្សេងៗឲ្យមានប្រសិទ្ធភាព និងតម្លាភាព ពិសេសការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំនុច។

ថ្លែងក្នុង​ឱកាសនោះលោក សុខ លូ  បានបញ្ជាក់ថា របបម៉ូតូនេះ គឺបានបង្ហាញឲ្យឃើញពីការគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ក្រសួងមហាផ្ទៃ ជាពិសេសសម្ដេចក្រឡាហោម ស ខេង ដែលលោកតែងតែគិតគូរពីសុខទុក្ខ និងសេចក្ដីត្រូវការរបស់កងកម្លាំងនគរបាលទាំងអស់ទូទាំងប្រទេស។ ការប្រគល់ម៉ូតូនេះគឺបង្កលក្ខណៈកាន់តែងាយស្រួល ដល់បងប្អូនកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រើប្រាស់សម្រាប់ ជាមធ្យោបាយក្នុងការបំពេញប្រតិបត្តិការការងារ ដើម្បីឆ្លើយតបក្នុងការអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ចំពោះរាល់គ្រប់សភាពការណ៍ ដែលបានកើតឡើង នៅមូលដ្ឋាន។

លោកអភិបាលខេត្តសង្កត់ធ្ងន់ថា ឆ្លើយតបទៅនឹងការគិតគូរយកចិត្តទុកដាក់នេះ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវយកម៉ូតូទៅប្រើប្រាស់ ឲ្យបានចំទិសដៅបម្រើឲ្យផលប្រយោជន៍រួម ផលប្រយោជន៍របស់ប្រជាពលរដ្ឋទូទៅ និងសង្គម ចៀសវាងឲ្យបាននូវការយកមធ្យោបាយនេះ ទៅប្រើប្រាស់ខុសគោលដៅ បម្រើឲ្យផលប្រយោជន៍បុគ្គល ព្រមទាំងជួយថែរក្សាឲ្យបានគង់វង្សយូរអង្វែង។

ចុងក្រោយលោក ក៏បានផ្ដាំផ្ញើដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវបង្កើនការប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅមូលដ្ឋាន ឲ្យបានកាន់តែសកម្ម និងល្អប្រសើរថែមទៀត ដើម្បីផ្ដល់ភាពកក់ក្ដៅ និងបង្កើននូវជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ត្រៀមអនុវត្តតាមបទបញ្ជាថ្នាក់លើ គ្រប់ពេលវេលា យកចិត្តទុកដាក់អនុវត្តតាមការណែនាំ ចង្អុលបង្ហាញ តម្រង់ទិសរបស់ប្រធានអង្គភាព និងគណៈបញ្ជាការឯកភាពរដ្ឋបាលឲ្យបានម៉ឹងម៉ាត់ និងបន្តការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ដល់ដំណើរការបោះឆ្នោតទាំងមូលឲ្យបានល្អប្រសើរ។

ជាមួយគ្នានោះ លោកអនុសេនីយ៍ឯក  ប៊ួ ពិសី នាយប៉ុស្តិ៍សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន បានបេជ្ញាចិត្ត និងយកម៉ូតូថ្មីនេះដើម្បីបម្រើការពារសន្តិសុខជូនប្រជាពលរដ្ឋឲ្យបានប្រសើរ ក្នុងការថែរក្សាគោលនយោបាយភូមិឃុំ មានសុវត្តិភាពទាំង៩ ចំណុច៕