(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា សន្តិភាព និងសមិទ្ធផលដែលកំពុងមានសព្វថ្ងៃ បើមិនមានការចូលរួមថែរក្សាការពារទេនោះ វានឹងបាត់បង់ទៅវិញជាក់ជាមិនខានឡើយ ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋ ត្រូវចេះថ្លឹងថ្លែងកុំជឿទៅតាមការបោកបញ្ឆោតរបស់ពួកជនអគតិមួយចំនួនតូចឱ្យសោះ ត្រូវមានជំនឿជឿជាក់មកលើអាជ្ញាធរដែនដី លោកមេឃុំ មេភូមិ មន្ត្រីនគរបាលប៉ុស្តិ៍ ជាពិសេសរូបលោក ដែលជាសមាជិកក្រុមគ្រួសាររបស់បងប្អូន។

លោកអភិបាលខេត្ត បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ និងកងកម្លាំងប្រជាការពារ ជិត៤០០នាក់ ក្នុងភូមិជ្រៃក្រឹម និងភូមិអំពួច ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ដែលពិធីនេះ ក៏មានការចូលរួមពី ក្រុមប្រឹក្សាខេត្ត តំណាងរាស្ត្រ គណៈអភិបាលខេត្ត តំណាងមន្ទីរអង្គភាពនានាជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង៣។

លោក ម៉ៅ ធនិន បានថ្លែងថា ដើម្បីកុំឱ្យសន្តិភាព ស្ថិរភាព និងសមិទ្ធផលធំៗ ដែលរាជរដ្ឋាភិបាលកម្ពុជា បានខិតខំស្តារ និងអភិវឌ្ឍកន្លងមក វិនាសបាត់បង់ទៅវិញនោះ សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរួមដំណើរជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បន្តទៅទៀត ដើម្បីនាំជោគវាសនាប្រទេសជាតិយើងឱ្យកាន់តែមានការអភិវឌ្ឍ ទទួលបានសមិទ្ធផលថ្មីជាច្រើនទៀត ដែលជាតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ ក៏ដូចទៅថ្ងៃអនាគត។ យើងបានឃើញបានដឹងរួចមកហើយថាជាង៣៩ឆ្នាំ កន្លងមកនេះ គឺជារយៈពេលមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចរៀមច្បងយើងបានខិតខំកសាងឡើង តាំងពីបាតដៃទទេ និងពុះពារឆ្លងកាត់គ្រប់ឧបសគ្គរហូតទទួល បានសុខសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ តាំងពីទីប្រជុំជនរហូតដល់ជនបទ។

លោក ម៉ៅ ធនិន បានបន្តថា មន្ត្រីមូលដ្ឋាន ត្រូវបន្តការខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ត្រូវមានព្រហ្មវិហារធម៌ទាំង៤ មានសុឆន្ទៈបម្រើការងារសង្គម ជាមួយគ្នានោះត្រូវចូលរួមចំណែក អនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពឱ្យបានល្អប្រសើរ។

លោកអភិបាលខេត្ត ក៏បានឱ្យដឹងដែរថា នៅក្នុងខេត្តក៏ដូចបណ្តាស្រុក មានគម្រោងអភិវឌ្ឍន៍ជាច្រើន ជាក់ស្តែងក្នុងឃុំនេះ ផ្ទាល់បានទទួលសមិទ្ធផល​ ជាច្រើនដូចជាផ្លូវក្រាលកៅស៊ូជនបទ ផ្លូវក្រាលគ្រួសក្រហម និងជាពិសេសទៅទៀតនោះ គឺការស្តារ និងស្ថាបនាប្រឡាយដំណាក់ឈើក្រម ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់បងប្អូន។ តែទោះជាយ៉ាងនេះ សូមឲ្យបងប្អូនរស់នៅទីនេះ ចូលរួមជួយថែរក្សាការពារ សមិទ្ធផលនៅក្នុងមូលដ្ឋាន អភិរក្សធនធានធម្មជាតិ ជំរុញការដាំដុះដំណាំគ្រប់ប្រភេទ សម្រាប់ហូបចុកផង និងធ្វើការនាំចេញទៅលក់លើទីផ្សារ ទាំងក្នុងនិងក្រៅប្រទេស និងសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ទៅបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ឆាប់ៗខាងមុខ ឱ្យបានគ្រប់ៗគ្នា។

ក្នុងថ្ងៃដដែលនោះ ប្រតិភូខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ៅ ធនិន ចូលរួមគោរពវិញ្ញាណក្ខ័ន្ធ និងជួយចែករំលែកទុក្ខក្រុមគ្រួសារសព លោក ភួង សូឡី សមាជិកក្រុមប្រឹក្សាស្រុកភ្នំក្រវាញ និងជាអតីតយុទ្ធជន ដែលបានទទួលមរណៈភាព កាលពីវេលាម៉ោង២៖៤៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ក្នុងជន្មាយុ៦១ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានផ្ទាល់នៃសព ស្ថិតក្នុងភូមិក្រូចឆ្មា ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់៕