Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហព័ន្ធនិស្សិត បញ្ញវ័ន្ត បិទវគ្គបណ្តុះបណ្តាលអ្នកសង្កេតការណ៍បោះឆ្នោតជាតិ ជានិស្សិតនៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាទូទាំងប្រទេស

23-07-2018 18:56

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ​សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា បានរៀបចំបិទវគ្គបណ្តុះបណ្តាល ដល់អ្នកសង្កេតការណ៍ជាតិដែលជានិស្សិត នៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសទូទាំងប្រទេស ក្រោមអធិបតីភាព លោក ចាន់ សុវុឌ្ឍ ប្រធានសហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា និងលោក សាត់ សុវណ្ណ អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងអប់រំអ្នកបោះឆ្នោត គ.ជ.ប.។

អ្នកសង្កេតការណ៍ជាតិ ដែលមានត្រូវបណ្តុះបណ្តាលនាពេលនេះ គឺដើម្បីចូលរួមក្នុងការសង្កេតការណ៍បោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ក្រោមប្រធានបទ «កែវភ្នែកយុត្តិធម៌» ដែលនឹងចូលរួមសង្កេតការណ៍នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជា។

លោក សាខុន ប៉ូរិន អ្នកសម្របសម្រួលការងារសង្កេតការណ៍ជាតិ របស់សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា បានសរុបលទ្ធផលសំខាន់ ដែលបានបណ្តុះបណ្តាលអស់រយៈពេលមួយថ្ងៃជូន គណៈអធិបតីអំពីនីតិវិធី នៃដំណើរការបោះឆ្នោត ស្គាល់ពីការិយាល័យបោះឆ្នោត ការរាប់សន្លឹកឆ្នោតពិសេសគឺតួនាទី និងភារកិច្ចរបស់អ្នកសង្កេតការណ៍បោះឆ្នោតជាតិ ដែលត្រូវអនុវត្តនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

លោក ចាន់ សុវុឌ្ឍ បានផ្តាំផ្ញើដល់ប្អូនៗ ដែលបានក្លាយខ្លួនទៅជាអ្នកសង្កេតការណ៍ទាំងអស់ ឱ្យខំយកចិត្តទុកដាក់ ក្នុងការសង្កេតការណ៍ ដោយយកចំណេះដឹងក្នុងថ្ងៃនេះ យកទៅអនុវត្តនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ប្រកបដោយអព្យាក្រឹត្យ យុត្តិធម៌ ក្នុងន័យការពារសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍។ លោកបានបន្ថែមទៀតថា ក្នុងនាមយើងជាអ្នកសង្កេតការណ៍ ក៏ត្រូវសង្កេតឱ្យបានច្បាស់លាស់ ពិសេសគឺត្រូវទៅបោះឆ្នោតឱ្យបានគ្រប់គ្នាផងដែរ៕