(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា បេសកកកម្មរបស់កងកម្លាំង រក្សាសន្តិភាពកម្ពុជា នៅពេលនេះជាការបង្ហាញពីឆន្ទៈដ៏មោះមុតរបស់កម្ពុជា ក្នុងការសម្តែងនូវសាមគ្គីភាព ជាលក្ខណៈអន្តរជាតិ ក្នុងការរួមវិភាគទាន ដល់កិច្ចខិតខំប្រឹងប្រែង របស់សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងកិច្ចការមនុស្សធម៌នៅលើលោក។

រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានថ្លែងបែបនេះ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញអធិបតីភាព ក្នុងពិធីទទួលដំណើរមាតុភូមិនិវត្តន៍ របស់កងកម្លាំងរក្សាសន្តិភាព ដែលបានបញ្ចប់បេសកកម្មនៅសាធារណរដ្ឋម៉ាលី​ និងស៊ូដង់ខាងត្បូង ដែលធ្វើឡើងនៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន តំណាងអង្គការសហប្រជាជាតិ ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ និងអ្នកសារព័ត៌មាន ជាច្រើនរូបផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា៖ «ការបញ្ចប់បេសកកម្មរបស់កងកម្លាំងរក្សាសន្តិភាពកម្ពុជា នៅពេលនេះដែលជាការ បង្ហាញឆន្ទៈដ៏មោះមុតរបស់កម្ពុជា ក្នុងការសម្តែងនូវសាមគ្គីភាព ជាលក្ខណៈអន្តរជាតិក្នុងការរួមវិភាគទាន ដល់កិច្ចខិតខំប្រឹងប្រែង របស់សហគមអន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌នៅលើលោក»

រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបន្តថា ការនិវត្តន៍របស់កងកម្លាំងរបស់កម្ពុជា ពេលនេះសបញ្ជាក់ឱ្យឃើញពីសមត្ថភាព និងសក្តានុពល ដ៏ខ្លាំងខ្លារបស់ កងយោធពលខេមរភូមិន្ទ ក្នុងការធ្វើសមាហរណកម្មចូលក្នុងប្រព័ន្ធពហុជាតិ របស់អង្គការសហប្រជាជាតិ និងជាការបង្ហាញ ពីកិច្ចខិតខំ​របស់ក្រសួងការពារជាតិ គណៈកម្មការជាតិ ក្រសួងស្ថាប័ន និងគ្រប់កងឯកភាព នៅក្នុងកងយោធពលខេមរភូមិន្ទ ដែលបានរួមគ្នារៀបចំការងារគ្រប់ផ្នែកទាំងធនធានមនុស្ស ឧបករណ៍ មធ្យោបាយ និងធ្វើការហ្វឹកហ្វឺនជាប្រចាំ តាមនិយាមរបស់ អង្គការសហប្រជាជាតិផងដែរ។

សូមជម្រាបថា កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលធ្វើមាតុភូមិនិវត្តន៍ នាពេលនោះរួមមាន៖ កងវិស្វកម្មព្រលានយន្តហោះលេខ១៨៩ ចំនួន១៦៥រូប, កងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ១២៣ ពីប្រទេសម៉ាលីចំនួន១៤៤រូប និងកងរាជអាវុធហត្ថលេខ៦១៨ ពីប្រទេសស៊ូដង់ខាងត្បូងចំនួន៧៣រូប។

ឆ្នាំ២០១៨នេះ គឺជាឆ្នាំទី១២ហើយ ដែលកម្ពុជា បានបញ្ចូនកងកម្លាំងទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព​ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ជាមួយប្រទេសចំនួន១២៣ នៅលើពិភពលោក។ អ្វីដែលជាមោទនភាពនោះ មកដល់បច្ចុប្បន្ន កម្ពុជាបានបញ្ចូនកម្លាំងចូលរួមបំពេញបេសកកម្មចំនួន០៨ប្រទេសរួមមាន៖ សាធារណរដ្ឋ ស៊ូដង់ខាងត្បូង លីបង់ សាយប្រឺស ស៊ីរី ឆាដ ម៉ាលី និង អាហ្វ្រិកកណ្តាល សរុបចំនួន៥,២៥៧នាក់។

ជំនាញដែលកងកម្លាំងរបស់កម្ពុជា បានបំពេញនោះរួមមាន៖ បោសសំអាតមីន កម្ទេចគ្រាប់មិនទាន់ផ្ទុះ អាវុធហត្ថ មន្ទីពេទ្យកម្រិត២ វិស្វកម្មសំណង់ វិស្វកម្មព្រលានយន្តហោះ នាយទាហានសេនាធិការ និងសង្កេតការណ៍៕