(ភ្នំពេញ)៖ សៀវភៅក្រោមចំណងជើង «ការសិក្សាស្រាវជ្រាវគំនិតស្តីពីកំណែទម្រង់និងការបើកទូលាយរបស់លោក ស៊ី ជីនភីង» ដែលជាស្នាដៃពិសេសរៀបរាប់ពីគំនិតអំពីការ ធ្វើកំណែទម្រង់ ការបើកទូលាយ និងការអភិវឌ្ឍប្រទេសចិនក្នុងយុគសម័យថ្មីរបស់លោក ស៊ី ជីនភីង អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានបោះពុម្ពផ្សយ្វផ្សាយ នាពេលកន្លងទៅនេះ បាននាំឲ្យបណ្តាប្រព័ន្ធសារព័ត៌មានយកចិត្តទុកដាក់ និងវាយតម្លៃល្អប្រសើរយ៉ាងទូលំទូលាយ។
ក្រុមអ្នកអង្កេតការណ៍បានបញ្ជាក់ថា ចាប់តាំងពីលោក តេង សៀវភីង បើកទ្វារនៃការបើកទូលាយរបស់ប្រទេសចិននាឆ្នាំ១៩៧៨ រៀងមក ៤០ឆ្នាំបានកន្លងផុតទៅហើយ។ ស្នាដៃមួយនេះបានបោះពុម្ពផ្សាយស្របនឹងគម្រប់ខួបនេះគឺសមស្របល្មម។ ក្នុងដំណាក់កាលដែលកំណែទម្រង់របស់ប្រទេសចិន ឈានចូលអំឡុងពេលដ៏សំខាន់និងកាន់តែលំបាក គំនិតអំពីការធ្វើកំណែទម្រង់និងការបើកទូលាយរបស់លោក ស៊ី ជីនភីង បានផ្តល់នូវការណែនាំខាងទ្រឹស្តីដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសចិនជំហានបន្ទាប់ «លោក ស៊ី ជីនភីង តាមពិតបានក្លាយទៅជាអគ្គស្ថាបត្យកររបស់ប្រទេសចិនក្នុងយុគសម័យថ្មី»។
អ្នកជំនាញការនិងបញ្ញវន្តមានពាក់ព័ន្ធរបស់ប្រទេសចិនជឿជាក់ថា ការបោះពុម្ពផ្សាយនូវសៀវភៅពិសេសនេះ គឺ «ការសិក្សាអំពីគំនិតធ្វើកំណែទម្រង់ និងបើកទូលាយ របស់លោកស៊ីជីនភីង» បានផ្តល់អាវុធទ្រឹស្តីដ៏មានឥទ្ធិពលសម្រាប់ការបូកសរុបគំនិតធ្វើកំណែទម្រង់ និងបើកទូលាយរបស់លោក ស៊ី ជីនភីង និងកំណែទម្រង់និងបើកទូលាយជំហានក្រោយរបស់ប្រទេសចិន។
លោក Qu Qingshan អនុប្រធានអចិន្រ្តៃយ៍នៃវិទ្យាស្ថានសិក្សាស្រាវជ្រាវប្រវត្តិសាស្រ្តបក្ស និងឯកសារនៃមជ្ឈិមបក្សកុម្មុយនិស្តចិនបានថែ្លងថា នាពេលបច្ចុប្បន្ន ការបូកសរុប និងការរៀនសូត្រដោយសព្វគ្រប់នូវគំនិតកំណែទម្រង់ និងបើកទូលាយរបស់លោកស៊ីជីនភីង គឺមានតម្លៃដ៏សំខាន់ក្នុងការដឹកនាំនូវការ ជំរុញបុព្វហេតុកំណែទម្រង់និងបើកទូលាយដ៏មហិមារបស់ប្រទេសចិន។
លោក Chi Fulin ប្រធាននៃវិទ្យាស្ថានសិក្សាស្រាវជ្រាវកំណែទម្រង់នៅខេត្តហៃណាន នៃប្រទេសចិន បានថែ្លងថា នៅដំណាក់កាលប្រវត្ដិសាស្ដ្រនាពេលបច្ចុប្បន្ន គំនិតធ្វើកំណែទម្រង់និងបើកទូលាយរបស់លោកស៊ីជីនភីង បានផ្តល់នូវការណែនាំខាងទ្រឹស្តីដ៏សំខាន់ចំពោះកំណែទម្រង់និងបើកទូលាយជំហានបន្ទាប់របស់ប្រទេសចិន គឺពិភពលោកទន្ទឹងរង់ចាំការបង្កើតភាពត្រចេះត្រចង់ថ្មីនៃប្រទេសចិន។
ការបោះពុម្ពផ្សាយនៃសៀវភៅអំពី «ការសិក្សាស្រាវជ្រាវគំនិតស្តីពីកំណែទម្រង់ និងការបើកទូលាយរបស់លោកស៊ីជីនភីង» បានទាក់ទាញចំណាប់អារម្មណ៍ របស់ប្រព័ន្ធសារព័ត៌មានអន្តរជាតិ។ កាសែត Gazeta រុស្សី ទីភ្នាក់ងារសារព័ត៌មាន"Tass"នៃប្រទេសរុស្ស៊ី កាសែត Pasaxon ឡាវ ស្ថានីយ៍វិទ្យុអន្តរជាតិអេស្ប៉ាញ ស្ថានីយ៍ទូរទស្សន៍ជាតិអាល់បានី កាសែត Dainik Savera ឥណ្ឌាព្រមទាំងប្រព័ន្ធសារព័ត៌មានសហរដ្ឋអាមេរិក អង់គ្លេស និងជប៉ុនជាដើមបានផ្សព្វផ្សាយ ដំណឹងអំពីការបោះពុម្ពផ្សាយនៃសៀវភៅទ្រឹស្តីនេះ៕