(ភ្នំពេញ)៖ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វឈ្លាសវៃ និងការយកចិត្តទុកដាក់ខ្ពស់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទី កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ថាប័នកងរាជអាវុធហត្ថ បានរីកចម្រើនលូតលាស់គ្រប់ទីកន្លែងទាំងថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋាន ហើយសមាជិកអាវុធហត្ថម្នាក់ៗ បានអនុវត្តការងារតាមមាគ៌ាដឹកនាំរបស់នាយឧត្តមសេនីយ៍ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមច្បាប់វិន័យកងទ័ព គោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ព្រមទាំងមាន សីលធម៌ សុជីវធម៌ ល្អជាប្រចាំ ធ្វើខ្លួនជាអ្នកបំរើរាស្ត្រគ្រប់ពេលវេលា។
ជានិច្ចកាល ដើម្បីឆ្លើយតបទៅនឹងការប្រឹងប្រែងព្រមទាំងលទ្ធផលស្នាដៃរបស់បងប្អូន ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងប្រទេសនាយឧត្តមសេនីយ៍ សៅ សុខា តែងបានយកចិត្តទុកដាក់ ស្នើសុំតម្លើងឋានន្តរស័ក្តិជូនដល់ពួកគាត់ជាបន្តបន្ទាប់ ព្រមទាំងដោះស្រាយគោលនយោបាយ លើកទឹកចិត្តផ្សេងៗផងដែរ។
ដោយឡែក សម្រាប់អាវុធហត្ថរាជធានីភ្នំពេញ ក៏ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីនាយឧត្តមសេនីយ៍ សៅ សុខា ធ្វើការស្នើសុំតម្លើងឋានន្តរស័ក្តិ ជូនដល់នាយទាហាន នាយទាហានរង ជាបន្តបន្ទាប់ ស្របតាមលទ្ធផលការងារនិងស្នាដៃគ្រប់ៗគ្នា។
ជាក់ស្តែ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ អាវុធហត្ថរាជធានីភ្នំពេញ បានប្រារព្ធពិធីបំពាក់ឋានន្តរស័ក្តិ ជូននាយទាហាន នាយទាហានរង ជាលើកទី៥ ក្នុងឆ្នាំ២០១៨ ដោយនាយឧត្តមសេនីយ៍បានប្រគល់ភារកិច្ចជូន លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានភ្នំពេញ ជាអធិបតីក្នុងពិធី។
សរុបទាំង៥លើកមកនេះ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលទទួលបានការតែងតាំងមុខងារ និងបំពាក់ឋានន្តរស័ក្តិ បានកើនដល់ទៅ១,០១១នាក់ និងនៅមានបំពាក់ជូនជាបន្តបន្ទាប់ទៀត៕