(ត្បូងឃ្មុំ)៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ លោក លី ឡេង អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំស្ដីពីការពង្រឹងការគ្រប់គ្រងច្រកព្រំដែន និងការ ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្តិភាពនៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ ក្នុងនោះមានការចូលរួមពី លោក លោកស្រីអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ អភិបាលស្រុក មន្ត្រីច្រកទ្វាព្រំដែនទូទាំងខេត្តត្បូងឃ្មុំ និងអ្នកពាក់ព័ន្ធសរុបប្រមាណជាង៥០នាក់។
ថ្លែងលើកឡើងនាឱកាសនោះ លោក លី ឡេង បានឲ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណងពង្រឹងស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍តាមបណ្តោយបន្ទាត់ព្រំដែន រវាងខេត្តត្បូងឃ្មុំ និងប្រទេសជិតខាង ដើម្បីទប់ស្កាត់រាល់បទល្មើសនៅតាមបន្ទាត់ព្រំដែន ប្រកបដោយប្រសិទ្ធភាព និងផលប៉ះពាល់នានាជាអវិជ្ជមាន។
លោកបន្តថា ខេត្តត្បូងឃ្មុំ កន្លងមកសភាពការណ៍ មានលក្ខណៈល្អប្រសើរ បង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ។ ម្យ៉ាងទៀតសភាពការណ៍ តាមតំបន់ព្រំដែន ក៏មានការភាពស្ងាប់ស្ងាត់ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ផងដែរ។
លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា រាល់បទល្មើសនៅតាមបន្ទាត់ព្រំដែនក៏ដូចជា នៅក្នុងខេត្តត្បូងឃ្មុំទាំងមូល សូមអាជ្ញាធរពាក់ព័ន្ធទាំងអស់ សហការគ្នាបង្ក្រាប និងទប់ស្កាត់ភ្លាមៗ រាល់សកម្មភាពដែលបង្កឲ្យមានភាពអសន្តិសុខ គ្មានសណ្ដាប់ធ្នាប់ ជាពិសេស បទល្មើសឆ្លងដែន និងរាល់ទំនិញចេញចូលខុសច្បាប់នានាផងដែរ។
លោក លី ឡេង ក៏បានផ្ដាំផ្ញើដល់មន្រ្តី និងកងកម្លាំងនៅតាមបន្ទាត់ព្រំដែនទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងសភាពការណ៍ នៅតាមតំបន់ព្រំដែនឲ្យបន្តស្ថិតក្នុងស្ថានភាពល្អប្រសើរ ដោយរក្សាបាននូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្ដាប់ធ្នាប់ តាមរយៈការបង្កើតវិធានការប្រមែប្រមូលព័ត៌មានជាប្រចាំ ដើម្បីមានវិធានការទាន់ពេលក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាព៕