(កំពង់ធំ)៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ ទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានធ្វើការប្រជុំផ្សព្វផ្សាយសភាពការណ៍មួយចំនួន ដល់កងកម្លាំងចំណុះបញ្ជាការដ្ឋានសរុប១៨៥នាក់ ដើម្បីពង្រឹងការពារសន្តិសុខ សុវត្ថិភាព ក្នុងដំណើរការបោះឆ្នោត រហូតដល់ការរៀបចំបង្កើតរាជរដ្ឋាភិបាលថ្មី។
នៅក្នុងការផ្សព្វផ្សាយនេះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានលើកយកចំណុចសំខាន់ៗ មួយចំនួនមកជម្រានជូននាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ដូចខាងក្រោម៖
ទី១៖ ត្រូវបន្តពង្រឹងការពារសន្តិសុខ សុវត្ថិភាព ក្នុងដំណើរការបោះឆ្នោតសកលឆ្នាំ២០១៨ ពិសេសយុទ្ធនាការឃោសនាបោះឆ្នោត ពេលបោះឆ្នោត និងក្រោយប្រកាសលទ្ធផល នៃការបោះឆ្នោតរហូតដល់ការរៀបចំបង្កើតរាជរដ្ឋាភិបាលថ្មី
ទី២៖ ត្រូវបន្តតាមដានក្តាប់សភាពការណ៍ផ្សេងៗ ក្នុងដំណើរការបោះឆ្នោតនេះ និងសហការបង្រ្កាបរាល់សកម្មភាពទាំងឡាយណា ដែលបំផ្លិចបំផ្លាញដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម ក៏ដូចបំផ្លិចបំផ្លាញ នូវសុខសន្តិភាពរបស់ប្រទេសជាតិយើង
ទី៣៖ មិនត្រូវចាញ់ការឃោសនារបស់ក្រុមអគតិទាំងឡាយ ដែលញុះញង់មិនឲ្យទៅចូលរួមបោះឆ្នោត ឬបំភ្លៃពេលវេលាបោះឆ្នោតខុស និងកាលបរិច្ឆេទដែល គ.ជ.ប បានកំណត់ និង ត្រៀមរាល់ឯកសារផ្ទាល់ខ្លួន ដើម្បីទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋល្អ។
ជាមួយនោះផងដែរ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានផ្សព្វផ្សាយនូវសេចក្តីណែនាំលេខ០១ សណន របស់ប្រមុខរាជរដ្ឋាភិបាលស្តីពី ការផ្អាកលក់ដូរ និងពិសាគ្រឿងស្រវឹងនៅមួយថ្ងៃមុនការបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ជូនដល់កងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំផងដែរ។
លោកបានផ្តាំផ្ញើឲ្យបងប្អូនពេលមានជម្ងឺ ត្រូវរាយការណ៍ជូនសាខាសមាគមអតីតយុទ្ធជន ដែលមានលោកមេប៉ុស្តិ៍នគរបាលជាប្រធាន ដើម្បីប្រធានសាខា មានវិធានការជួយដោះស្រាយ ឬពុំនោះទេបងប្អូន អាចឡើងមកព្យាបាលដោយផ្ទាល់តែម្តង នៅគិលានដ្ឋានរបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានទីតាំងនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានបុគ្គលិក គិលានដ្ឋាននៅចាំទទួលព្យាបាលនៅទីនោះ ដោយមិនគិតប្រាក់ពីបងប្អូនឡើយ។
ជាមួយគ្នានេះដែរ លោកក៏បានរំឮកដល់បងប្អូនទាំងអស់ ត្រូវទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសគណបក្សណាដែលបងប្អូនស្រឡាញ់ និងជឿទុកចិត្ត និងកុំចាញ់ការឃោសនា អកុសល របស់ជនទាំងឡាយដែលរារាំងបងប្អូន មិនឲ្យទៅបោះឆ្នោត៕