(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះ សំណេះសំណាល និងពិនិត្យជំងឺប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន២ស្រុក គឺស្រុកថ្មបាំង ស្រុកស្រែអំបិលសរុប៤២៤គ្រួសារ។
លោកស្រី មិថុនា ភូថង បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នឲ្យខ្ពស់ ចំពោះសុខភាពខ្លួនឯង និងកូនចៅ ហើយមុនបរិភោគអ្វីត្រូវចំអិនឲ្យឆ្អិន ចៀសវៀងការឈឺស្កាត់។
លោកស្រីអភិបាលខេត្ត បានបន្តថា «ទោះជាបងប្អូនជួបគ្រោះធម្មជាតិ ស្ថិតស្ថានភាពធ្ងន់ធ្ងរ យ៉ាងណាក៏ដោយក៏អាជ្ញាធរ រាជរដ្ឋាភិបាល មិនទុកឲ្យបងប្អូនម្នាក់ណាម្នាក់ លំបាកដែរទោះថ្ងៃ ឬយប់អាជ្ញាតែងតែទៅដល់ទីនោះភ្លាមៗ ដើម្បីជួយសង្រ្គោះជានិច្ច ដោយមិនប្រកាន់និន្នាការនយោបាយណាមួយឡើយ»។
ជាក់ស្តែង ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្ត បានចុះមកពិនិត្យ និងព្យាបាលជម្ងឺបងប្អូនដែលរងគ្រោះដោយសារទឹកជំនន់កាលពីថ្ងៃទី១៧ ខែកក្កដា ផងដែរ ហើយនេះក៏ជាសក្ខីភាពមួយរបស់ក្រុមគ្រូពេទ្យ ដោយសេចក្តីពេញចិត្ត ហើយក៏មិនតម្រូវឲ្យបងប្អូនបង់ថ្លៃសេវាអ្វីដែរ៕