(កូរ៉េខាងត្បូង)៖ លោក ឡុង ឌីម៉ង់ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ និងលោក អន ប៊ុនហាក់ អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនប្រចាំសាធារណរដ្ឋកូរ៉េ បានរៀបចំពិធីប្រកាស បង្កើត តែងតាំង សមាសភាពគណៈកម្មាធិការសាខាគណបក្ស និងបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ប្រចាំតំបន់ក្វាងជូធំចំនួន៦០នាក់។
ដោយសារការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦ ខិតជិតមកដល់នាពេលដ៏ខ្លីខាងមុខនេះ លោក ឡុង ឌីម៉ង់ន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សូមអំពាវនាវដល់សកម្មជន និងសមាជិកគណបក្ស នៅកូរ៉េទាំងអស់ទាក់ទង និងផ្ញើសារទៅក្រុមគ្រួសារនៅកម្ពុជា ឲ្យទៅបោះឆ្នោតឲ្យបានទាំងអស់គ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនបន្ដទៀត ដើម្បីបន្ដសន្ដិភាព និងការអភិវឌ្ឍន៍សម្រាប់ប្រទេសយើង។
គួរបញ្ចាក់ផងដែរថា មកទល់បច្ចុប្បន្ននេះ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បានរៀបចំបង្កើត និងតែងតាំងសមាសភាពសាខាគណបក្សបានចំនួន ៩សាខា ហើយនឹងបន្ដពង្រឹងពង្រីកសាខាបន្ថែមទៀត ដល់គ្រប់តំបន់ដែលមានប្រជាជនខ្មែររស់នៅ និងគាំទ្រគណបក្សប្រជាជន។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តសម្រាប់នីតិកាលទី៦ នឹងចូលមកដល់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ដោយមានគណបក្សនយោបាយចំនួន២០ បានចូលរួមប្រកួតប្រជែង ក្នុងនោះសម្រាប់គណបក្សប្រជាជនកម្ពុជា មានលេខរៀងទី២០៕