(បន្ទាយមានជ័យ)៖ នៅល្ងាចថ្ងៃច័ន្ទ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការ អ្នកតំណាងរាស្រ្ត និងប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ អមដំណើរដោយក្រុមការងារថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក និងមូលដ្ឋាន អញ្ជើញជាអធិបតីពិធីសំណេះសំណាល ជាមួយមន្រ្តីសាខាបក្សវិស័យអប់រំ និងសុខាភិបាល ខេត្តបន្ទាយមានជ័យនៅមន្ទីរបក្សខេត្ត។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់បក្សមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្ស, សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងប្រធានកិត្តិយសគណបក្ស។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបន្ថែមថា «គណបក្សប្រជាជនរឹងមាំទៅបានដោយសារការលះបង់ និងចូលរួមគាំទ្រពីបងប្អូនជាសមាជិក សមាជិកា គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទៅលើគោលនយោបាយ ដើរលើផ្លូវត្រូវរបស់គណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន»។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណ និងដឹងគុណដល់សមាជិក សមាជិកាទាំងអស់ នៃមហាគ្រួសារគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានខិតខំបម្រើសេវាសុខភាពសាធារណ និងសិក្សាធិការជូនប្រជាពលរដ្ឋ-កូនប្រជាពលរដ្ឋ ដោយស្មោះត្រង់ ទទួលបានការគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋាន និងសូមបន្តការសាមគ្គីគ្នា ឯកភាពគ្នា ដើរលើផ្លូវតែមួយជាមួយគ្នាឆ្ពោះទៅដណ្តើមជ័យជន្នះជូនបក្សយើងឈ្នះ «គណបក្សប្រជាជនយើងឈ្នះ គឺប្រជាជនយើងគ្រប់គ្នាជាអ្នកឈ្នះ»។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានផ្តាំផ្ញើដល់សមាជិកសមាជិកាទាំងអស់ ត្រូវត្រៀមឯកសារជូនក្រុមគ្រួសារឲ្យបានរួចរាល់ និងអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ដើម្បីបន្តដំណើរអភិវឌ្ឍមូលដ្ឋានរបស់យើងបន្តទៀត៕