(ភ្នំពេញ)៖ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានទម្លាយសារបង្ហាញពីការមិនហ៊ានចូលស្រុករបស់ លោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ប្រាប់ដល់អ្នកគាំទ្រ នៅលើបណ្តាញសង្គម Facebook។
នៅក្នុងការបង្ហោះ Facebook នោះ លោក ខឹម វាសនា បានយ៉ាងខ្លីថា «នេះហើយ សម រង្ស៊ី» ដែលទំនងជាចង់ឱ្យអ្នកគាំទ្រ LDP យល់អំពីភាពកំសាករបស់ អតីតមេដឹកនាំប្រឆាំងរូបនោះ។
សូមបញ្ជាក់ថា នាថ្មីៗនេះសារសម្ងាត់របស់ក្រុមលោក សម រង្ស៊ី ដែលក្នុងនោះមាន លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោក យឹម សុវណ្ណ លោក ឡុង រី ជាដើមត្រូវបាន បែកធ្លាយនៅលើបណ្តាញសង្គម Facebook ដោយក្នុងសារសម្ងាត់នោះ លោក សម រង្ស៊ី បានបញ្ជាឱ្យក្រុមការងាររបស់លោក ឃោសនាបំភ្លៃថា លោកនឹងត្រឡប់មកកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ ជាមួយគ្នានោះ នៅក្នុងសារនេះ លោក សម រង្ស៊ី ក៏បានប្រាប់ទៅលោកឡុង រីថា លោកនឹងមិនមកឱ្យរដ្ឋាភិបាលចាប់ខ្លួនឡើយ អ្វីដែល លោកជំរុញឱ្យឃោសនានោះ គ្រាន់នយោបាយយកឈ្នះចិត្តសាស្រ្តតែប៉ុណ្ណោះ។ ប៉ុន្តែការពិត លោកមិនហ៊ានត្រឡប់មកកម្ពុជា នោះឡើយ ដោយយកហេតុផលថា ប្រពន្ធរបស់លោកមិនឱ្យមកកម្ពុជា។
សូមជំរាបថា កាលពីរាត្រីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ អតីតមន្រ្តីជាន់ខ្ពស់បក្សប្រឆាំងម្នាក់បានទម្លាយសារសំងាត់មួយតាមរយៈ Facebook ឲ្យដឹងថា អតីតមន្រ្តីជាន់ខ្ពស់ បក្សប្រឆាំងទាំង១១៨នាក់ ដែលហាមឃាត់ធ្វើនយោបាយ កំពុងឈ្លោះប្រកែកគ្នាដូចឆ្កែ ដូចឆ្មារ និងវាយប្រហារមេដឹកនាំខ្លួនឯងពេញ Group Messenger។ តាមរយៈ Facebook មួយឈ្មោះ «ទីប្រឹក្សានគរ» ដែលល្បីខាងទម្លាយរឿងអាថ៌កំបាំង និងរឿងអាស្រូវរបស់អតីតមេដឹកនាំបក្សប្រឆាំង បានសរសេររៀបរាប់ថា៖ «ខ្ញុំជាមនុស្សម្នាក់ ដែលស្ថិតនៅក្នុងចំណោមអ្នកនយោបាយរបស់គណបក្សសង្រ្គោះជាតិ ទាំង១១៨នាក់ ដែលត្រូវបានតុលាការកំពូលហាមឃាត់, ហើយក៏កំពុងស្ថិតនៅក្នុង Group Messenger (118 Senior Leader of CNRP) ដោយឈឺចាប់យ៉ាងខ្លាំងនូវទង្វើវាយប្រហារគ្នា វាយប្រហារទាំងមេដឹកនាំ CNRP និងឈ្លោះប្រកែកគ្នាដូចឆ្កែ ដូចឆ្មា មិនឈប់មិនឈរ។ ដើម្បីបន្ថយការឈឺចាប់ជាទម្ងន់របស់ខ្ញុំ ថ្ងៃនេះខ្ញុំទម្លាយនូវពាក្យពេជន៍សារឆ្លងឆ្លើយគ្នារវាងមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ ដែលធ្វើការមិនស្របគ្នា ឈ្លោះគ្នា ខាំគ្នា ជាពិសេសវាយប្រហារមេដឹកនាំបក្សទៀតផង។ សារនេះសូមផ្ញើជូនអ្នកគាំទ្រគណបក្សសង្រ្គោះជាតិទាំងអស់ ដើម្បីបានដឹងរឿងពិតប្រាកដដែលកំពុងកើតឡើង យ៉ាងចម្រូងចម្រាស់នៅពេលនេះ»៕