(ព្រៃវែង)៖ ភ្នាក់ងារគណបក្សប្រជាជនកម្ពុជា ប្រមាណ៣០០នាក់ នៅស្រុកកំចាយមារ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានប្តេជ្ញាអនុវត្តតួនាទីរបស់ខ្លួនឲ្យបានល្អបំផុត ប្រកបដោយការទទួលខុសត្រូវ ក្នុងពេលបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីនាំយកជ័យជម្នះដ៏ត្រចះត្រចង់ជូនគណបក្ស។
ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលភ្នាក់ងារគណបក្សប្រជាជន នៅស្រុកកំចាយមារ លោក ស្ដើង សុខុម អនុប្រធានទី១ នៃក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកកំចាយមារ បានចាត់ទុកថា ភ្នាក់ងារគណបក្ស គឺជាផ្នែកមួយដ៏សំខាន់ដែលមិនអាចមើលរំលងបានទេ ព្រោះមានតែពួកគេប៉ុណ្ណោះ ដែលមានសិទ្ធិចូលទៅក្នុងការិយាល័យបោះឆ្នោត ពិនិត្យមើលសកម្មភាពបោះឆ្នោត និងរាប់សន្លឹកឆ្នោត មានសិទ្ធិជំទាស់ ប្តឹងតវ៉ា ប្រសិនមានបញ្ហា មិនប្រក្រតីណាមួយកើតឡើង ដូចនេះភ្នាក់ងារគណបក្ស គឺជាភ្នែក និងច្រមុះរបស់គណបក្ស។
លោក ស្តើង សុខុម បានចាត់ទុកថា ភ្នាក់ងារគណបក្សសម្រាប់សង្កេតការមើលការបោះឆ្នោតនាពេលខាងមុខ មានតួនាទីសំខាន់បំផុត ក្នុងការជួយជ្រុំជ្រែងឲ្យការបោះឆ្នោតប្រព្រឹត្ត ទៅប្រកបដោយភាពជោគជ័យ សេរីពហុបក្ស យុត្តិធម៌ត្រឹមត្រូវ ឯករាជ្យ និងអាចទទួលយកបានពោលមានតម្លាភាព សេរី និងយុត្តិធម៌។
ជាមួយគ្នានេះ លោកបានធ្វើការពន្យល់ទៅក្រុមភ្នាក់ងារគណបក្សប្រជាជនស្រុកកំចាយមារថា «ហេតុអ្វីយើងត្រូវការឲ្យការបោះឆ្នោតមួយប្រព្រឹត្តដោយសេរី មានតម្លាភាព និងយុត្តិធម៌ គឺដោយសារថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលដឹកនាំប្រទេស យើងប្រាកដជាចង់ឈ្នះឆ្នោត តែត្រូវឈ្នះដោយយុត្តិធម៌ និងស្មើភាព។ ដូចនេះប្រសិនការបោះឆ្នោតមួយ ប្រព្រឹត្តដោយសេរី មានតម្លាភាព និងយុត្តិធម៌ ហើយគណបក្សប្រជាជនឈ្នះឆ្នោតទៀតនោះ វាជាជ័យជម្នះរបស់ជាតិទាំងមូល ដែលយើងត្រូវប្រឹងប្រែងធ្វើឲ្យបាន»។
ប្រធានក្រុមការងារ ក៏បានលើកយកបញ្ហាមិនប្រក្រតីមួយចំនួន ដែលតែងកើតឡើងនៅក្នុងពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោត នាពេលកន្លង ដើម្បីទាញអារមណ៍អ្នកចូលរួមឲ្យយកចិត្តទុកដាក់ ដូចជាភាពមិនប្រក្រតីទាក់ទងនឹងការគំរាមកំហែង ការរារាំង និងអសន្តិសុខ ការរារាំងអ្នកបោះឆ្នោតដោយប្រការផ្សេងៗ។
លោក ស្តើង សុខុម បានបន្តថា ហេតុដូចនេះតួនាទីភារកិច្ចរបស់ភ្នាក់ងារតំណាងគណបក្ស នៅក្នុងដំណើរការបោះឆ្នោត គឺឃ្លាំមើលគ្រប់សកម្មភាពក្នុងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ពិនិត្យមើលពីការអនុវត្តនីតិវិធីនៃការបោះឆ្នោត ដើម្បីកំណត់ភាពត្រឹមត្រូវ ឬកំហុសឆ្គងរបស់មន្ត្រីការិយាល័យបោះឆ្នោត រាប់សន្លឹកឆ្នោត និងអ្នកបោះឆ្នោត ហើយប្រមូលព័ត៌មានភស្តុតាង រាយការណ៍ជូនគណបក្ស និងដាក់ពាក្យបណ្តឹង។
ភ្នាក់ងារតំណាងគណបក្សនយោបាយ ជាអ្នកត្រួតពិនិត្យការបោះឆ្នោត ការពារផលប្រយោជន៍ឲ្យគណបក្ស ត្រូវជំទាស់ដាក់ពាក្យបណ្តឹងតវ៉ា កត់ត្រា សង្កេត និងធ្វើរបាយការណ៍ជូនគណបក្ស ពោលគឺចង្អុលបង្ហាញកំហុស និងការប្រព្រឹត្តមិនសុចរិត ជួយលាតត្រដាងកំហុសឆ្គងដែលកើតមានទាំងចេតនា និងអចេតនា ហើយលើកស្នើទៅប្រធានការិយាល័យបោះឆ្នោត រាប់សន្លឹកឆ្នោត ធ្វើការដោះស្រាយកែតម្រូវ។
ជាមួយគ្នានោះលោក ស្តើង សុខុម ក៏បានសុំឲ្យក្រុមភ្នាក់ងារគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវចេះតាមដាននូវគ្រប់រូបភាពដែលសកម្មភាព គណបក្សនយោបាយផ្សេងក្នុងមូលដ្ឋានខ្លួន និងត្រូវពង្រឹងខ្លួនឲ្យបានស័ក្តិសមជាមន្ត្រីល្អ ក្នុងការបង្ហាញឲ្យឃើញពីស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងត្រូវខិតខំស្វែងយល់ និងដោះស្រាយឲ្យមានប្រសិទ្ធភាព និងសំណូមពរការលំបាករបស់ប្រជាជន ហើយត្រូវធ្វើចលនាប្រជាពលរដ្ឋ អនុវត្តនូវសិទ្ធិរបស់ខ្លួន ក្នុងការបំពេញតកព្វកិច្ចជាប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី២០៕