(ភ្នំពេញ)៖ ខេមបូឌា អ៊ែរវ៉េ បានចាប់ផ្ដើមបើកជើងហោះហើរ អន្ដរជាតិដំបូងរបស់ខ្លួន ដោយឆ្ពោះត្រង់ពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងម៉ាកាវ នាថ្ងៃអាទិត្យទី២២ ខែកក្កដា ឆ្នាំ២០១៨ ម្សិលមិញនេះ។
ដើម្បីឲ្យប្រតិបត្តិការហោះហើរអន្ដរជាតិនេះ ប្រព្រឹត្ដទៅដោយមានភាពជោគជ័យ និងមានភាពងាយស្រួល ខេមបូឌា អ៊ែរវ៉េ បានចាប់ផ្ដើមសេវាហោះហើររបស់ខ្លួន ទៅកាន់ទីក្រុងម៉ាកាវ ចំនួន៤ដង ក្នុងមួយសប្ដាហ៍ ពោលគឺរៀងរាល់ថ្ងៃអង្គារ ពុធ សុក្រ និងអាទិត្យ។
ជើងហោះហើរអន្ដរជាតិដំបូងរបស់ ខេមបូឌា អ៊ែរវ៉េ KR511 បានធ្វើការហោះហើរ នៅម៉ោង១០៖៤៥នាទី ពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ហើយធ្វើការចុះចតនៅព្រលានយន្ដហោះអន្ដរជាតិ នៅទីក្រុងម៉ាកាវ វេលាម៉ោង១៤៖០៥នាទី។
ជើងហោះហើរ KR512នេះ បានធ្វើការហោះហើរត្រលប់មកពីទីក្រុងម៉ាកាវវិញ នៅវេលាម៉ោង២១៖៤០នាទីយប់ ហើយនឹងចុះចតនៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ នៅវេលាម៉ោង២៣៖២៥នាទីយប់។ ខេមបូឌា អ៊ែរវ៉េ សម្រេចធ្វើការហោះហើរទៅទីក្រុងម៉ាកាវ ដោយសារ ខេមបូឌា អ៊ែរវ៉េ ក៏មានទីផ្សារគាំទ្រពីភ្នាក់ងារទេសចរណ៍ជាដៃគូ រួមជាមួយនឹងតម្រូវការជាច្រើនពីទីនោះផងដែរ។
ភាគច្រើនភ្ញៀវទេសចរ ជាជនជាតិចិន ដែលមកពីតាមបណ្ដាទីក្រុង និងខេត្តផ្សេងៗ នៃប្រទេសចិន ឆ្លងកាត់តាមទីក្រុងម៉ាកាវ មុននឹងពួកគាត់ធ្វើដំណើរ មកកាន់ប្រទេសកម្ពុជា។ ដោយហេតុនេះហើយទើប ខេមបូឌា អ៊ែរវ៉េ សម្រេចជ្រើសរើសយក ការហោះហើរអន្ដរជាតិដំបូង ទៅកាន់ទីក្រុងមួយនេះ។
ក្រៅពីការបើក ឲ្យមានដំណើរការហោះហើរទីក្រុងម៉ាកាវនេះហើយ ខេមបូឌា អ៊ែរវ៉េ នឹងចាប់ផ្ដើមបន្ដ បើកការហោះហើរឆ្ពោះទៅកាន់ទីក្រុងហុងកុង តៃវ៉ាន់ កូរ៉េខាងត្បូង ជប៉ុន រួមទាំងប្រទេសចិន និងបណ្ដាប្រទេសក្នុង តំបន់អាស៊ីអាគ្នេយ៍ ដែលមានដូចជា ប្រទេសថៃ សឹង្ហបុរី ហ្វីលីពីន ផងដែរ។ ចំពោះគម្រោងបន្ទាប់ក្រុមហ៊ុន នឹងពង្រីកជើងហោះហើរឲ្យកាន់តែទូលំទូលាយ ទៅកាន់ប្រទសខាងបែបអឺរ៉ុប និងប្រទេសអូស្ដ្រាលី។
បន្ថែមពីលើចំណុចនេះ ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា និងម៉ាកាវ ក៏ធ្លាប់បានជួបពិភាក្សាគ្នា កាលពីប៉ុន្មានខែកន្លងទៅ អំពីការពង្រីកសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងទីក្រុងម៉ាកាវ នៃប្រទេសចិន ព្រមទាំងលើកទឹកចិត្តដល់ការវិនិយោគ លើវិស័យអាកាសចរណ៍ ឲ្យមានការហោះហើរត្រង់រវាងទីក្រុងម៉ាកាវ និងប្រទេសកម្ពុជា។
ខេមបូឌា អ៊ែរវ៉េ សង្ឃឹមថា ការហោះហើរអន្ដរជាតិលើកដំបូងនេះ នឹងជួយជំរុញដល់ការអភិវឌ្ឍ ដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា មិនថាបច្ចុប្បន្ន និងទៅថ្ងៃអនាគត ព្រោះថាកម្ពុជា គឺជាតំបន់ទេសចរណ៍ ដែលមានភាពទាក់ទាញទាំងចំពោះភ្ញៀវជាតិ និងអន្ដរជាតិ និងមានធនធានធម្មជាតិដ៏សម្បូរបែប ក៏ដូចជាវប្បធម៌ជាតិ និងតំបន់បុរេប្រវិត្តសាស្ដ្រគួរឲ្យចាប់អារម្មណ៍ជាច្រើនកន្លែងផងដែរ៕