(ពោធិ៍សាត់)៖ ពោធិ៍សាត់ជាខេត្តមួយស្ថិតនៅភាគខាងលិចនៃប្រទេសកម្ពុជា មានចម្ងាយជិត ២០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ខេត្តនេះមានព្រំប្រទល់ជាប់ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កោះកុង ខេត្តបាត់ដំបង និងជាប់ជាមួយប្រទេសថៃផងដែរ។
ដោយសារតែខេត្តពោធិ៍សាត់ ជាខេត្តមួយជាប់ជាមួយបឹងទន្លេសាប និងជួរភ្នំក្រវាញនោះ បានធ្វើឲ្យខេត្តនេះមានអំណោយផលខ្ពស់សម្រាប់វិស័យទេសចរណ៍បែបធម្មជាតិ ទាំងការទស្សនាចរណ៍នៅលើផ្ទៃបឹងទន្លេសាប និងសម្រស់ធម្មជាតិនៅតាមខ្នងភ្នំ ទឹកជ្រោះជាដើម។
អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានថ្លែងដោយមោទនភាពចំពោះខេត្តរបស់លោកពាក់ព័ន្ធវិស័យទេសចរណ៍បែបធម្មជាតិនេះ។ លោក បានលើកឡើងថា តំបន់ទេសចរណ៍នៅក្នុងខេត្តពោធិ៍សាត់ចែកចេញជាពីរ គឺតំបន់ទេសចរណ៍លើផ្ទៃបឹងទន្លេសាប និងទេសចរណ៍តាមតំបន់ជួរភ្នំ។
លោកអភិបាលខេត្តរូបនេះ បានអះអាងថា នៅលើផ្ទៃបឹងទន្លេសាប អ្នកទេសចរអាចអញ្ជើញទស្សនាភូមិបណ្តែតទឹករបស់ប្រជាពលរដ្ឋ ទស្សនារុក្ខជាតិផ្សេងៗ ទស្សនាសត្វស្លាប ព្រមទាំងត្រីដ៏សម្បូរបែបនៅតាមឡូតិ៍នេសាទផងដែរ។ សម្រាប់នៅតាមតំបន់ភ្នំវិញ គេអាចទៅទស្សនាទឹកជ្រោះ ល្អាង ព្រៃព្រឹក្សា និងសម្រស់ធម្មជាតិដ៏ស្រស់បំព្រងនៅអូរសោមជាដើម។ នៅអូរសោមដែលជាតំបន់ទេសចរណ៍លើខ្នងភ្នំនេះ គេអាចទៅទស្សនាសម្រស់បឹងដ៏ធំ ទំនប់វារីអគ្គិសនី ទឹកជ្រោះ និងតំបន់ទេសចរណ៍វប្បធម៌មួយចំនួនទៀត។
ក្រៅពីការទស្សនាតំបន់ធម្មជាតិហើយនោះ ខេត្តពោធិ៍សាត់ដែលប្រភពនៃផ្លែក្រូចពោធិ៍សាត់នោះ អ្នកទេសចរក៏អាចទៅទស្សនាចំការក្រូចពោធិ៍សាត់ ក៏ដូចជាចំការទុរេន ចំការម្នាស់ តាង៉ែន ប័រ និងស្ត្រប័ររីផងដែរ។
បន្ថែមពីលើនេះ បច្ចុប្បន្នផ្លូវមួយខ្សែតភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងខេត្តពោធិ៍សាត់ ភ្ជាប់ទៅព្រំដែនថ្មដា ក្នុងស្រុកវាលវែង ប្រជាងជិត ២០០គីឡូម៉ែត្រ ដែលមានសាងសង់ឡើងព្រៃធម្មជាតិ និងបត់បែននៅតាមចង្កេះភ្នំ ក៏កំពុងក្លាយជាកន្លែងទាក់ទាញអ្នកទេសចរផងដែរ។
លោកអភិបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា លោកកំពុងពិចារណាជាមួយអាជ្ញាធរពាក់ព័ន្ធឈូសឆាយពង្រាបដីនៅជើងភ្នំមួយកន្លែងធ្វើជាទីសំចតរបស់អ្នកទេសចរ ដើម្បីគាត់អាចឈប់សំចតនៅជើងភ្នំនោះទស្សនាសម្រស់ធម្មជាតិ។
ដោយសារភាពអំណោយផលផ្នែកទេសចរណ៍បែបធម្មជាតិនេះ បានធ្វើឲ្យខេត្តពោធិ៍សាត់កំពុងទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើនផងដែរ។ របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានឲ្យដឹងថា ភ្ញៀវទេសចរទៅកាន់ខេត្តពោធិ៍សាត់ក្នុងឆ្នាំ២០១៧កន្លងទៅមានការកើនឡើងរហូតដល់ជាង ៥៧ភាគរយធៀបនឹងឆ្នាំ២០១៦។ របាយការណ៍បានឲ្យដឹងថា ឆ្នាំ២០១៧ ទទួលបានភ្ញៀវទេសចរជាតិជាង ៤៤ម៉ឺននាក់ ហើយភ្ញៀវទេសចរអន្តរជាតិ មានជិត ៨ពាន់នាក់ កើន ១៥ភាគរយធៀបឆ្នាំ២០១៦។
ដើម្បីជ្រាបច្បាស់ថា ខេត្តពោធិ៍សាត់មានតំបន់ទេសចរណ៍ណាខ្លះដែលទាក់ទាញខ្លាំងនោះ សូមទស្សនាវីដេអូដែលជាការបញ្ជាក់របស់លោកអភិបាលខេត្ត អមជាមួយនឹងផ្ទាំងទស្សនីយភាពសម្រស់ធម្មជាតិដ៏ស្រស់បំព្រងនៅតាមតំបន់ទេសចរណ៍ទាំងនោះ៖